(ភ្នំពេញ)៖ នាយកក្រុមហ៊ុនរថយន្តក្រុងដឹកអ្នកដំណើរ «ថោង ស៊ីង» លោក យុំា ស៊ីងម៉ៅ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នំា២០១៦នេះ បានអះអាងថា នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ហើយថា នៅអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រុមហ៊ុនលោក នឹងមិនដំឡើងថ្លៃសំបុត្រដឹកជញ្ជូនអ្នកដំណើរនោះឡើយ គឺរក្សាតម្លៃដូចថ្ងៃធម្មតាដដែល។
លោកបានថ្លែងបន្ដថា «រាល់ការដឹកអ្នកដំណើរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ និងមិនដំឡើងថ្លៃសំបុត្រ គិតដូចថ្ងៃធម្មតានេះ ហើយនេះមិនមែនមានតែបុណ្យភ្ជុំបណ្ឌិតទេ គឺមានគ្រប់ពេលបុណ្យជាតិធំៗម្តង ពិសេសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ដោយកន្លងមកនេះ តែងតែនាំគ្នារអ៊ូរទាំថា រថយន្តតាក់ស៊ី រថយន្តឈ្នួល និងរថយន្តក្រុង តែងតែដំឡើងថ្លៃសំបុត្រដឹកជញ្ជូនអ្នកដំណើរ ហើយខ្ញុំតែងតែអនុវត្ដ ទៅតាមសេចក្ដីអំពាវនាវ របស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនឲ្យដំឡើងថ្លៃសំបុត្រដឹកជញ្ជូនអ្នកដំណើរ ក្នុងឱកាសបុណ្យទានផ្សេងៗ ដែលនេះ បានបញ្ជាក់ពីការយកចិត្ដទុកដាក់ខ្ពស់ ដល់ប្រជារាស្រ្ដ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយសម្រួលរាល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យទៅជាភាពងាយស្រួល និងមិនចំណាយច្រើន ពេលទៅស្រុកទៅភូមិម្ដងៗ»។
ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធនឹងការយកថ្លៃតាមបេន មួយចំនួនផងដែរ ដោយកន្លងមកតែងតែយកថ្លៃបេន ក្នុងតម្លៃមួយដ៏ថ្លៃ ពិសេសក្នុងឱកាសបុណ្យទាន ទោះដឹងថាពេលដែល រថយន្ដក្រុងត្រលប់មកវិញមិនមានដឹកអ្នកដំណើរទាល់តែសោះ ក៏យកថ្លៃបេនដែរ ទាំងនេះហើយជាបញ្ហារបស់ក្រុមហ៊ុន ព្រោះក្រុមហ៊ុនបានជួយដឹកអ្នកដំណើរដោយឥតគិតថ្លៃហើយ មកចំណាយថ្លៃបេនរថយន្ដថែមទៀត។
លោកបន្ថែមថា ក្រុមហ៊ុនដឹកអ្នកដំណើរ ថោង ស៊ីង មានសេវាដឹកជញ្ជូនអ្នកដំណើរ ស្ទើរគ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា ហើយកំពុងទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុនក៏មានរថយន្តរត់ពេលយប់ យ៉ាងមានសមត្ថភាព និងរថយន្ដដឹកអីវ៉ាន់ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ដ ដែលមានលិខិតបណ្ណត្រឹមត្រូវ ទៅតាមផ្លូវច្បាប់ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ថោង ស៊ីង ដឹកអ្នកដំណើរបានធ្វើការផ្លាស់ប្តូរទីតាំងថ្មីដែលមាន ទីតាំងស្ថិតនៅលើបណ្ដោយផ្លូវកម្ពុជាក្រោមជាប់ពីក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី ហើយក្រុមហ៊ុនមានកន្លែងសម្រាប់ជួលបើកធ្វើជាអាហារដ្ឋានទៀតផង។ព័ត៌មានលម្អិតសូមចូលទៅកាន់ ហ្វេសប៊ុក៖https://www.facebook.com/tss.transport/?fref=ts