(ភ្នំពេញ)៖ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅថ្ងៃទី១-៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូយុវជនកម្ពុជាចំនួន៥រូប ចូលរួមមហាសន្និបាតអន្តរជាតិ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ ដែលហៅជាភាសាអង់គ្លេសថា 33rd SSEAYP International General Assembly (SIGA) 2024​ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។

មហាសន្និបាតនេះ ជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្តូរវេនគ្នារវាងបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលជាសមាជិកនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ។

គោលបំណងរបស់កម្មវិធីនេះ រួមមាន ទី១ បង្កើតឱកាសជួបជុំអតីតអ្នកចូលរួមកម្មវិធី SSEAYP ដើម្បីបន្តពង្រឹងទំនាក់ទំនង ការយោគយល់ និងកិច្ចសហប្រតិបត្តិការ និងទី២ ផ្លាស់ប្តូរបច្ចុប្បន្នភាពព័ត៌មានអំពីសកម្មភាពចូលរួមសង្គមផ្សេងៗ របស់បណ្តាប្រទេសជាសមាជិក (Alumni Associations) និងលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវា យុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP International Secretariat)។

ព្រឹតិ្តការណ៍មហាសនិ្នបាត ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ប្រតិភូចូលរួមប្រមាណជាង២០០នាក់ មកពីបណ្តាប្រទេសអាស៊ាន និងជប៉ុន ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាន របាយការណ៍សកម្មភាពតាមប្រទេស វេទិកាជជែកពិភាក្សា​ ទស្សនកិច្ចសិក្សា និងការទស្សនាការសម្តែងទស្សនីយភាពសិល្បៈ។

មហាសន្និបាត ឆ្នាំ២០២៤នេះ បានដំណើរទៅប្រកបដោយភាពរលូននិងមានថាមពល រឹតបន្តឹងនូវចំណងមេត្រីភាព ក្តីសោមនស្សរីករាយ និងកិច្ចសហប្រតិបត្តិការ ក្រោមការដឹកនាំរៀបចំរបស់សមាគមអតីតអ្នកចូលរួមកម្មវិធី ASSEAY Thailand រួមសហការជាមួយក្រសួង-ស្ថាប័ននានា នៃរាជរដ្ឋាភិបាលថៃ។

* អំពីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC)
សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេស អាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០នាក់។ កម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០០ បន្ទាប់មក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ បច្ចុប្បន្ន សមាគមមានសមាជិកកម្ពុជាសរុបចំនួន៦០០​នាក់ ដែលភាគច្រើនបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋ និង វិស័យ​ឯកជន។

* ពានរង្វាន់ដល់អ្នកដឹកនាំឆ្នើម
លោក កង ឫ​ទ្ធីសាល ដែលជាយុវជនចូលរួមកម្មវិធីឆ្នាំ២០០៣ និងជាអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០០៧-២០០៨ បានទទួល «SI Award 2024» ដែលជាពានរង្វាន់អ្នកដឹកនាំឆ្នើម នៃកម្មវិធី​ SSEAYP​ អន្តរជាតិ​ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍​ មហាសន្និបាតនេះ។ យោងតាមលក្ខន្តិកៈរបស់លេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធី SSEAYP ចាប់តាំងពីឆ្នាំ១៩៩៦មក ពានរង្វាន់អ្នកដឹកនាំឆ្នើម​ ត្រូវបានប្រគល់ជូន​ ជារៀងរាល់៣ឆ្នាំម្តង ​ដើម្បីផ្តល់កិតិ្តយសចំពោះ​បុគ្គល​ ឬស្ថាប័ន មកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលមានគុណសម្បត្តិល្អប្រសើរនិងលេចធ្លោ ក្នុងការដឹកនាំសម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗ​ របស់កម្មវិធី​ SSEAYP និងការអភិវឌ្ឍសហគមន៍។

* កម្ពុជាចូលរួមដឹកនាំអាណត្តិថ្មីនៃលេខាធិការដ្ឋានអន្តរជាតិ
របៀបវារៈមួយ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រធាន (Councils of Presidents Meeting) ក្នុងកំឡុងពេលមហាសន្និបាតឆ្នាំ២០២៤នេះ គឺអាណត្តិថ្មីឆ្នាំ២០២៤-២០២៥ នៃលេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន។ លេខាធិការដ្ឋានអន្តរជាតិនេះ ត្រូវដឹកនាំដោយ អគ្គលេខាធិការ១រូប និងអគ្គលេខាធិការរង២រូប ដែលជាអ្នកតំណាងមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន តាមការជ្រើសតាំងនិងអនុម័តរបស់ក្រុមប្រឹក្សាប្រធាន។ ជាលទ្ធផល កិច្ចប្រជុំនេះបានអនុម័តជ្រើសតាំង លោក កង ឫទ្ធីសាល អ្នកតំណាងមកពីប្រទេសកម្ពុជា ជាអគ្គលេខាធិការរង នៃលេខាធិការដ្ឋានអន្តរជាតិនេះ ដើម្បីចូលរួមដឹកនាំ ក្នុងអាណត្តិថ្មី ជាមួយនឹង អគ្គលេខាធិការ១រូប និងអគ្គលេខាធិការរង១រូប ទៀត មកពីប្រទេសជប៉ុន។

* កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ២០២៥
នៅឯពិធីបិទមហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៣៣ លោក ហោ សំណាង បានទទួលទង់ ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។ ព្រឹតិ្តការណ៍ឆ្នាំក្រោយនេះ ត្រូវបានគេរំពឹងថា នឹងអាចទាក់ទាញអញ្ជើញអ្នកចូលរួមមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន កាន់តែច្រើននិង ផុសផុលជាងមុន។

លោក ហោ សំណាង បានថ្លែងក្នុងសុន្ទរកថានៃពិធីទទួលធ្វើជាម្ចាស់ផ្ទះនេះថា «ខ្ញុំសូមអញ្ជើញអ្នកចូលរួម ទាំងអស់មកព្រះរាជាណាចក្រកម្ពុជា ដើម្បីបានទស្សនារាជធានីបូរាណនិងមរតកវប្បធម៌ដ៏ស្តុកស្តម្ភរបស់កម្ពុជា បានស្គាល់ប្រជាជនកម្ពុជា ដែលប្រកបដោយភាពរួសរាយរាក់ទាក់ និងបានយល់ពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពរបស់កម្ពុជា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនលើគ្រប់វិស័យ»

ព្រឹតិ្តការណ៍នេះ នឹងចូលរួមបង្ហាញ និងលើកកម្ពស់នូវកិត្យានុភាពរបស់កម្ពុជាជូនដល់អ្នកទស្សនា ដែលមកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន និងចូលរួមផ្តល់ផលវិជ្ជមានផែ្នកសេដ្ឋកិច្ចនិងទេសចរណ៍ សម្រាប់ខេត្តសៀមរាប​ផងដែរ។

គួររំលឹកផងដែរថា កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះព្រឹតិ្តការណ៍មហាសន្និបាតនេះចំនួន២ដង រួចមកហើយក្នុងឆ្នាំ២០០៧ និង២០១៦ ប្រកបដោយភាពជោគជ័យគួរជាទីមោទនៈ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រពីក្រសួង-ស្ថាប័នផ្សេងៗ នៃរាជរដ្ឋាភិបាលកម្ពុជា៕