(ភ្នំពេញ)៖ បន្ទាប់ពីបានឃើញការបង្ហោះតាមបណ្ដាញសង្គម អំពីអ្នកជំងឺម្នាក់ឈ្មោះ គង់ សារុំ ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមានជំងឺដុំសាច់នៅដោះខាងស្ដាំជាង ១៣ឆ្នាំ ហើយអ្នកជំងឺមានស្ថានភាពក្រីក្រលំបាក គ្មានទីពឹង នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំឱ្យលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងឈានដល់រកអ្នកជំងឺឃើញ ព្រមទាំងបញ្ជូនមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ។
លោកសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា «បន្ទាប់ពីទទួលបាននូវព័ត៌មានអំពីអ្នកជំងឺខាងលើនេះ ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់ឱ្យលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាល ចុះធ្វើការស្រាវជ្រាវរកស្ដ្រីជាអ្នកជំងឺខាងលើនេះមកព្យាលបាល ពេលនេះក្រុមគ្រូពេទ្យរបស់យើង បានចុះទៅដល់ផ្ទះរបស់អ្នកជំងឺដោយផ្ទាល់ និងបានអញ្ជើញគាត់មកទទួលលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយគាត់ក៏បានមកដល់មន្ទីរពេទ្យកាលពីល្ងាចមិញនេះ។ ឥឡូវនេះយើងកំពុងធ្វើការពិនិត្យ និងព្យាបាលជូនគាត់ ដើម្បីត្រៀមធ្វើការវះកាត់ នៅព្រឹកថ្ងៃស្អែកនេះ ហើយចំពោះការព្យាបាលទាំងអស់ គឺដោយឥតគិតថ្លៃ»។
សូមជម្រាបថា អ្នកជំងឺឈ្មោះ គង់ សារុំ ស្រី មានប្រវត្តិជំងឺរយៈពេលប្រហែល ១៣ឆ្នាំមកហើយ ដែលមានដុំសាច់នៅដោះខាងស្ដាំ។ ពីមួយថ្ងៃទៅមួយថ្ងៃ ទំហំសាច់កាន់ធំទៅៗ ហើយរយៈពេល ២-៣ឆ្នាំចុងក្រោយដុំសាច់នេះ ចាប់ផ្ដើមមានការឈឺចាប់ និងមានបង្កជារបួសដំបៅ ដោយសារការកកិតពេលធ្វើចលនា។ ក្រុមគ្រូពេទ្យបានច្រឹបដុំសាច់ដោះទៅពិនិត្យរួចរាល់ និងត្រៀមលក្ខណៈធ្វើការវះកាត់ នៅព្រឹកថ្ងៃស្អែកនេះ៕