(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នឹម កុយ (ហៅម៉ាប់) អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីហិង្សាដោយចេតនា ស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧៖២០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចទល់មុខក្លឹបកម្សាន្ត ស្តាស៊ី ធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សេង វាសនា មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា តាមការរៀបរាប់របស់ដេីមបណ្តឹង កាលពីថ្ងៃកេីតហេតុ ពួកគេមានគ្នាចំនួន៥នាក់ រួមជាមួយនិងឈ្មោះ សាក់ (ជនរងគ្រោះដែលស្លាប់) បាននាំគ្នាទៅអង្គុយផឹកស្រាថ្នាំនៅផ្ទះរបស់ឈ្មោះ ទូច បន្ទាប់មកទៀតបាននាំគ្នាទៅផឹកបន្តនៅវាលស្មៅទល់មុខក្លឹបកម្សាន្តស្តាស៊ីធី ដែលជាកន្លែងដែលពួកខ្លួនរើសអេតចាយ។
ពេលនោះជនដៃដល់ឈ្មោះ ម៉ាប់ (នឹម កុយ) បានជិះកង់មកដល់កន្លែងជនរងគ្រោះអង្គុយ និងបានសុំផឹកជាមួយគ្នា លុះក្រោយមកជនរងគ្រោះឈ្មោះ សាក់ (ស្លាប់) និងជនដៃដល់បានទាស់ពាក្យសំដីគ្នា ជនសង្ស័យបានដើរទៅយកញញួរពីក្នុងការ៉ុងរើសអេតចាយ វាយទៅលេីជនរងគ្រោះឈ្មោះ សាក ពីខាងក្រោយ ត្រូវចំក្បាលជាច្រេីនញញួរ បណ្តាលឲ្យបែកឈាមស្លាប់ភ្លាមៗ។ ចំណែកដេីមបណ្តឹង (ឈ្មោះ សេង វាសនា) ក៏ត្រូវជនដៃដល់វាយចំនួន០២ញញួរដែរ ត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ផងដែរ។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនសង្ស័យ ឈានដល់ការឃាត់ខ្លួន ព្រមទាំងវត្ថុតាងញញូរដែកថ្នាំងអំពៅកែច្នៃ ប្រវែង៣៩សង់ទីម៉ែត្រ ចំនួន០១ដើម នាំមកមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកញញួរវាយទៅលើជនរងគ្រោះពិតប្រាកមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីចាត់ចែងយកទៅធ្វេីបុណ្យតាមប្រពៃណី៕