(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា រួមជាមួយសហការី នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ លោក កង កេង អាយុ៨០ឆ្នាំ និវត្តន៍ជន ដែលជាអតីតមន្ត្រីបម្រើការងារនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទន្ទឹមនឹងការជម្រាបជូនពីការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីអគ្គលេខាធិការរងទី១ ក៏បានប្រគល់ជូន លោក កង កេង នូវអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជារួមមាន ថវិកា ត្រីខ ទឹកផ្លែឈើ ទឹកដោះគោឆៅ ទឹកផ្លែមៀន មួយចំនួន។
ក្រោយពីទទួលបាននូវការឧបត្ថម្ភពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោក កង កេង បានថ្លែងទាំងក្តីរំភើបចិត្តរហូតដល់ស្រក់ទឹកភ្នែក ចំពោះសណ្តានចិត្តដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភដល់រូបលោក ហើយសម្ដេចមិនដែលភ្លេចពីគុណបំណាច់របស់មន្ត្រីរាជការចាស់ៗ ដែលមានវ័យជរា ធ្លាប់បានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនជាតិរហូតដល់វ័យចូលនិវត្តន៍នោះឡើយ៕