(ភ្នំពេញ)៖ ក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង ក្នុងការសិក្សាស្វែងយល់បញ្ហារួមគ្នា ដើម្បីពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ដែលភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្ម។
កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានរៀបចំឡើង នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ នេះ ដោយមានការអញើញចូលរួមពីរដ្ឋមន្រ្តីទាំង៣រួមមាន លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងកិច្ចប្រជុំនេះថា នេះគឺជាកិច្ចប្រជុំលើកដំបូង ប៉ុន្តែមិនមែនជាលើកចុងក្រោយនោះទេ ដោយក្រសួងទាំង៣ នឹងបើកកិច្ចប្រជុំជាបន្តបន្ទាប់ រៀងរាល់៣ខែម្តង ទៅតាមការចាំបាច់ណាមួយ ដោយឆ្លាស់វេនគ្នា ទៅតាមក្រសួងនីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យការសហការគ្នារវាងក្រសួងទាំងបីកាន់តែល្អប្រសើរ មានប្រសិទ្ធភាព ដើម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមជនបទ។
លោកបន្ថែមថា ការសហការរវាងក្រសួងទាំង៣ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវិស័យអភិវឌ្ឍន៍ជនបទ មានទំនាក់ទំនងច្រើនជាមួយវិស័យកសិកម្ម ដោយសារសេដ្ឋកិច្ចជនបទ ភាគច្រើនគឺអាស្រ័យទៅលើកសិកម្ម។ ហើយការធ្វើកសិកម្ម ក៏ពឹងផ្អែកទៅធនធានទឹកដូចគ្នា។ ហេតុនេះហើយ ក្រសួងទាំង៣ គួរតែមានផែនការរួមគ្នា ដើម្បីដាក់មធ្យោបាយ និងធនធានរួមគ្នា ក្នុងជំរុញការអភិវឌ្ឍន៍នៅតំបន់ជនបទ។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១.លើកស្ទួយ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២.ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣. អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕