(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បានជួបសួរសុខទុក្ខ និងបំពាក់ឯកសណ្ឋាន និងវិទ្យុទាក់ទង ជូនប្រជាការពារភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន១៨នាក់ ។
លោក អ៉ី ឈាន បានធ្វើការណែនាំដល់ប្រជាការពារភូមិទាំងអស់ ដោយផ្អែកតាមគោនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺយើងត្រូវរៀបចំឲ្យមានកងកម្លាំងប្រជាការពារភូមិ ដែលជ្រើសរើសចេញពីបងប្អូនប្រជាពលរដ្ឋផ្ទាល់ក្នុងមូលដ្ឋាន ដើម្បីជួយថែរក្សាការពារសន្តិសុខក្នុងភូមិ។ ប្រជាជនយើងរស់បានសុខ និងគ្មានការភ័យព្រួយ គឺដោយសារប្រទេសរបស់យើងមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ពាសពេញផ្ទៃប្រទេស។
លោកបានបន្តថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានចាញ់បោកអ្នកនយោបាយ គឺបាននាំគ្នាធ្វើដំណើរពីភូមិដ្ឋានទៅការពារអ្នកនយោបាយ ដែលមានបញ្ហាផ្ទាល់ខ្លួន ត្រូវបានតុលាការកាត់ទោស ធ្វើឲ្យខាតពេលវេលាប្រកបការងារ និងរបររកទទួលទានប្រចាំថ្ងៃ ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក អ៉ី ឈាន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន ដែលមានអាយុគ្រប់ត្រូវចុះឈ្មោះបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា តាមទីតាំងសាលាឃុំ សង្កាត់ និងទីតាំងចល័តក្នុងភូមិ ឃុំ សង្កាត់ ដែលពួកគាត់រស់នៅបច្ចុប្បន្ន ។
លោក អ៉ី ឈាន បានឧបត្ថម្ភ និងបំពាក់ឯកសណ្ឋាន និងវិទ្យុទាក់ទង ដល់ប្រជាការពារភូមិ ទាំង១៨នាក់ ដោយម្នាក់ៗ នូវសម្លៀកបំពាក់ម្នាក់ មួយកំប្លេ និងវិទ្យុទាក់ទងម្នាក់មួយ ផងដែរ៕