(ភ្នំពេញ)៖ មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃអាទិត្យនេះ បានព្រមានជាថ្មីថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស បើសិនជាមិនអាចរកដំណោះស្រាយនយោបាយជាមួយគណបក្សកាន់អំណាចបាន។ លោក កឹម សុខា បានអះអាងថា មហាបាតុកម្មនោះ គឺជាជម្រើសចុងក្រោយ ដែលធ្វើឡើងបន្ទាប់ពីតុលាការសម្រេចរឿងក្តីរបស់លោក ដោយបិទច្រកតវ៉ា ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការចរចានយោបាយដើម្បីឱ្យរួចផុតពីការអនុវត្តទោស នឹងមិនអាចទៅរួចទេ ហើយលោកក៏ព្រមានត្រឡប់ទៅវិញថា បក្សប្រឆាំងត្រូវទទួលខុសត្រូវទាំងស្រុង បើហ៊ានអនុវត្តផ្ទុយពីច្បាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយ សកម្មជនយុវជនមកពីខេត្តកណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក កឹម សុខា បានលើកឡើងថា «ខ្ញុំ ជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងអស់ មានលោកប្រធាន សម រង្ស៊ី ដែលជាដៃគូស្លាប់រស់ជាមួយខ្ញុំ ក្នុងការសង្គ្រោះជាតិនេះ បានប្តេជ្ញាចិត្តជាស្រេចហើយថា បើសិនណាជាប្រព័ន្ធតុលាការនេះ នៅតែផ្តល់ភាពអយុត្តិធម៌ដល់យើងទាំងអស់គ្នា ដល់សកម្មជនដីធ្លី ដល់អ្នកការពារសិទ្ធិមនុស្ស ដល់អ្នកការពារបរិស្ថាន ដល់បក្សប្រឆាំង ដល់មេដឹកនាំដែលត្រូវប្រកួត ដើម្បីឱ្យមានការផ្លាស់ប្តូរនេះ យើងនឹងពិចារណាប្រើប្រាស់សិទ្ធិយើង ដើម្បីធ្វើមហាបាតុកម្ម នៅទូទាំងប្រទេស និងរាជធានីភ្នំពេញនេះ»។
ការអះអាងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសរូបឱ្យជាប់ពន្ធនាគារ៥ខែ ហើយពិន័យប្រាក់៨០ម៉ឺនរៀល ពីបទមិនចូលខ្លួនក្នុងនាមជាសាក្សីនៃសំណុំរឿងសញ្ចារកម្ម។ ទោះជាយ៉ាងណាសាលក្រមនេះ មិនទាន់ក្លាយជាសាលក្រមស្ថាពរនៅឡើយទេ ខណៈដែល ក្រុមមេធាវីរបស់លោក គ្រោងនឹងដាក់ពាក្យប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ អំឡុងពេល១ខែនេះ។
លោក កឹម សុខា បានបន្ថែមថា «គ្មានជម្រើសអ្វីទេបងប្អូន យើងអត់មានជម្រើសអ្វីទៀតទេ ជម្រើសទី១របស់យើង ហើយយើងនៅតែរង់ចាំទៅទៀតអត់អស់សង្ឃឹមទេ គឺការជួបគ្នាដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរ ប៉ុន្តែបើគ្មានទេ យើងមានតែជម្រើសដូចខ្ញុំបានជម្រាបជូនពីខាងដើមអំបាញ់មិញនេះ អញ្ចឹង» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ព្រមានដល់គណបក្សប្រឆាំងឱ្យធ្វើសកម្មភាពទាំងឡាយណាស្របទៅតាមច្បាប់ របស់កម្ពុជា។ លោកថា បើសិនជាបាតុកម្មនោះ ខុសពីច្បាប់កំណត់បក្សប្រឆាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
លោក សុខ ឥសាន បានលើកឡើងថា «យើងអនុវត្តទៅតាមនីតិរដ្ឋដោយខិតខំពង្រឹងប្រទេសយើង ឱ្យទៅជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្សឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ រួចហើយយើងខិតខំគោរពច្បាប់ ដើម្បីកសាងប្រទេសឱ្យទៅជានីតិរដ្ឋ ដល់ពេលអ្នកទោស អ្នកមានបទល្មើសទៅដាក់លក្ខខណ្ឌឱ្យគណបក្សកាន់អំណាច ឱ្យរាជរដ្ឋាភិបាល ខ្ញុំយល់ថាដូចបញ្ច្រាសទិស “ទៅមិនរួចទេ” អញ្ចឹងគាត់ចង់ធ្វើកូនបាតុកម្មក៏ដោយ មហាបាតុកម្មក៏ដោយ អញ្ជើញតាមសម្រួលចុះ ប៉ុន្តែសូមជំរាបថា ចង់ធ្វើយ៉ាងណាក៏ដោយ ក៏ត្រូវតែឱ្យស្របតាមក្របខណ្ឌច្បាប់ បើធ្វើមិនត្រូវច្បាប់ទេ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទៀតហើយ»។
លោក សុខ ឥសាន បន្ថែមថា «យើងមិនអាចយកអ្នកនយោបាយមកចរចា ដើម្បីឱ្យរួចទោសទេ រឿងដំណោះស្រាយចំពោះករណីល្មើសច្បាប់ វាមានតែតាមរយៈតុលាការតែប៉ុណ្ណោះ ដល់ពេលល្មើសច្បាប់យកមកដោះស្រាយឱ្យតែរួចខ្លួនៗ អញ្ចឹងប្រទេសយើងនឹងលែងទៅជានីតិរដ្ឋទៅហើយ ហើយយកវប្បធម៌និទណ្ឌភាពមកអនុវត្តទៅហើយ»។
លោកបានបន្ថែមទៀតថា «កុំចង់គំរាមរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានការគាំទ្រពីប្រជាពលរដ្ឋ។ កន្លងទៅ ទាំងមន្រ្តីជាន់ខ្ពស់របស់គាត់ ទាំងគាត់ធ្លាប់និយាយហើយ ថាគាត់មានអ្នកគាំទ្រជិតកន្លះប្រទេស ប៉ុន្តែសូមជំរាបជូនថា រាជរដ្ឋាភិបាលដែលឈ្នះឆ្នោតតាមរយៈគណបក្សប្រជាជនកម្ពុជា មានអ្នកគាំទ្រជាងកន្លះប្រទេស ហើយគាត់មានត្រឹមតែជិតកន្លះប្រទេសទេ អញ្ចឹងគឺភាគច្រើនជាអ្នកដឹកនាំ មិនមែនភាគតិចអ្នកដឹកនាំទេ»៕