(ភ្នំពេញ)៖ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានបំផុសឱ្យ សហជីព កម្មករ និយោជិត ទាមទារប្រាក់ឈ្នួល១៨០ដុល្លារ នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការលើកឡើងរបស់ប្រធាន គណបក្សប្រឆាំងបែបនេះ មិនមានមូលដ្ឋានសេដ្ឋកិច្ចច្បាស់លាស់ ហើយដើម្បីតែគេងចំណេញនយោបាយ។
នៅលើ Facebook នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបង្ហាញជំហរគាំទ្រដល់ការ ទាមទារប្រាក់ឈ្នួល ១៨០ដុល្លារ សម្រាប់ឆ្នាំ២០១៧ ខណៈដែលភាគីពាក់ព័ន្ធក្នុងការចរចាប្រាក់ឈ្នួល ចាប់ផ្តើមពិភាក្សាអំពីការដំឡើង ប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរកម្ពុជា។ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បានចាត់ទុកថា ទាល់តែមានប្រាក់ឈ្នួល ១៨០ដុល្លារ ទើបជីវភាពរបស់កម្មករបានប្រសើរឡើង។
លោក សម រង្ស៉ី បានសរសេរថា «ខ្ញុំសូមគាំទ្រការទាមទាររបស់សហជីព តំណាងឲ្យកម្មករនៅប្រទេសកម្ពុជា ដែលទាមទារឲ្យថៅកែ រោងចក្រ ដំឡើងប្រាក់ឈ្នួលអប្បបរមាពី ១៤០ដុល្លារ ដល់ ១៨០ដុល្លារយ៉ាងតិច សម្រាប់ឆ្នាំ២០១៧ខាងមុខ»។ លោកថា «កម្មករនៅ ប្រទេសកម្ពុជា ត្រូវទទួលបានប្រាក់ឈ្នួលអប្បបរមា ១៨០ដុល្លារ យ៉ាងតិចក្នុងមួយខែ ដើម្បីរស់បានដោយរួចផុតពីភាពវេទនា ហើយទោះជាទទួលបានប្រាក់ខែប៉ុណ្ណឹងក៏ដោយ (១៨០ ដុល្លារ) ក៏ជីវភាពរស់នៅរបស់កម្មករខ្មែរ នៅតែទាបជាងជីវភាពរស់នៅ របស់កម្មករនៅប្រទេសជិតខាង»។
លោកបានបន្ថែមទៀតថា «ថៅកែរោងចក្រ អាចដំឡើងប្រាក់ខែ យ៉ាងងាយ តាមការទាមទាររបស់កម្មករ បើយើងបំបាត់ទម្លាប់ អាក្រក់ដែលតម្រូវឲ្យថៅកែទាំងនោះ យកប្រាក់ចំណេញមួយផ្នែកធំរបស់ខ្លួន ជាសំណូកសូកប៉ាន់ ទៅឲ្យអ្នកដឹកនាំពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការលើកឡើង របស់លោក សម រង្ស៊ី មានចរឹតនយោបាយ ហើយមិនមានមូលដ្ឋានសេដ្ឋកិច្ចបន្តិចណាឡើយ ទោះបីជាលោក ជាអ្នកសេដ្ឋកិច្ចក៏ដោយ។
លោក ហេង សួរ បានឱ្យដឹងថា «អ្វីដេលជាការលើកឡើងនៅលើទំព័រ Facebook លោក សម រង្ស៊ីនេះ គឺជាសម្តីអ្នកនយោបាយ ដែល មិនមានមូលដ្ឋានសេដ្ឋកិច្ច ហើយជាសម្តីដែលនិយាយក្នុងគោលបំណងបំភ័ន្ត កម្មករ-និយោជិតរបស់យើង ឱ្យយល់ថាគាត់ គឺជាអ្នកគិតគូរ ទៅដល់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត» ។
លោកបានបន្ថែមទៀតថា «ខ្ញុំគិតថា ប្រហែលជា លោក សម រង្ស៊ី គាត់នៅក្រៅប្រទេសយូរពេកទៅ គាត់ប្រហែលជាអត់បានមើលថា ឥឡូវនេះ បេឡាជាតិរបបសន្តិសុខសង្គម របស់យើងមានអ្វីខ្លះ ហើយអ្វីខ្លះដែលយើងបានផ្តល់ការគាំទ្រ ទៅដល់សេវាសង្គមកិច្ចសម្រាប់ បងប្អូនកម្មករនិយោជិតរបស់យើង»។
លោក ហេង សួរ បានពន្យល់ថា ចំណូលជាមធ្យមរបស់កម្មករបច្ចុប្បន្ន គឺលើសពី២០០ដុល្លារ ហើយថា លោក សម រង្ស៊ី មិនបានដឹងត្រង់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា១៤០ដុល្លារ កម្មករក៏ទទួលបានប្រាក់អត្ថប្រយោជន៍ ១៧ដុល្លារថែមទៀតរៀងរាល់ខែ ប៉ុន្តែ១៧ដុល្លារនេះ មិនបានដាក់ចូលជាមួយប្រាក់ឈ្នួលអប្បបរមា ១៤០ដុល្លារនោះទេ ដោយសារតែរាជរដ្ឋាភិបាលមិនចង់ឱ្យ វិនិយោគិន ប្រៀបធៀប ប្រាក់ឈ្នួលអប្បបរមាកម្ពុជា ជាមួយនឹងប្រទេសជិតខាង។
លោកថា «យើងមានប្រាក់ឈ្នួលអប្បបរមា១៤០ដុល្លារ នៅឆ្នាំ២០១៦ តែយើងមានអត្ថប្រយោជន៍ដែលជាកាតព្វកិច្ចរបស់និយោជក ត្រូវផ្តល់ជូនបងប្អូនកម្មករផ្នែកវាយនភ័ណ្ឌរបស់យើងចំនួន១៧ដុល្លារថែមទៀត អញ្ចឹងគឺសរុបទៅមិនមែនត្រឹម១៤០ដុល្លារទេ គឺ១៥៧ដុល្លារ ប៉ុន្តែនេះជាសិល្បៈនៃអ្នកសេដ្ឋកិច្ច រួមផ្សំជាមួយអ្នកធុរកិច្ច ដើម្បីទាញ វិនិយោគបន្ថែមផង គឺយើងបំបែក១៧ដុល្លារនេះចេញពី១៤០ដុល្លារ ប៉ុន្តែវានៅតែជាអត្ថប្រយោជន៍ដែលបងប្អូនកម្មករនិយោជិតយើងទទួលបានដដែលផង ហើយអ្នកវិនិយោគគាត់ ផ្តោតតែទៅលើបញ្ហា ១៤០ដុល្លារហ្នឹងផង»។
លោក ហេង សួរ បានបន្ថែមទៀតថា ក្រៅពីប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ កម្មករក៏ទទួលបាន សេវាធានាថែទាំសុខភាព ដែលនិយោជកមានកាតព្វកិច្ចចូលរួមបង់សេវានេះជូនកម្មករផងដែរ។ លោកថា «ឥឡូវនេះ បន្ទាប់ពីយើងដាក់ឱ្យដំណើរការរបប ថែទាំសុខភាព គឺបងប្អូនកម្មករនិយោជិតរបស់យើងគាត់មិនមានកាតព្វកិច្ច ដកលុយពីហោប៉ៅរបស់ខ្លួនស្មើនឹង ១០ភាគរយ នៃប្រាក់របស់ខ្លួនឯងទៀតទេ គាត់ដកត្រឹមតែ១.៣ភាគរយ ហើយថៅកែបង់១.៣ភាគរយ គឺគាត់អាចទៅទទួលបាននូវសេវាសុខភាព ពីមណ្ឌលសុខភាព ក៏ដូចជាមន្ទីរពេទ្យបង្អែក ដែលជាអ្នកផ្តល់សេវាជាប់កិច្ចសន្យាជាមួយនឹង ប.ស.សរបស់យើង»។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើង រៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន បន្ទាប់ពីមានការចរចាដំឡើងប្រាក់ឈ្នួលរបស់ភាគីពាក់ព័ន្ធ, ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែ។
យ៉ាងណាក៏ដោយ សម្រាប់ការចរចាប្រាក់ឈ្នួល ដើម្បីដំឡើងជូនកម្មរនៅឆ្នាំក្រោយនេះ ភាគីពាក់ព័ន្ធនឹងប្រជុំគ្នាម្តងទៀត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែកញ្ញា មិនទាន់សម្រេច ដោយសារតែតួលេខ របស់ភាគីនិយោជក និងសហជីព នៅមានគម្លាតនៅឡើយ។ ក្នុងការចរចាកាលពីគ្រាមុននេះ ភាគីខាងសហជីពបានទម្លាយអំពីតួលេខរបស់ខ្លួន ដែលមាន ចំនួន១៧៩.៦ដុល្លារ ខណៈដែលភាគីខាងនិយោជក ក៏បានបង្ហើបអំពីតួលេខរបស់ខ្លួន ចំនួនត្រឹមតែ ១៤៤.២ដុល្លារប៉ុណ្ណោះ៕