(ព្រះវិហារ)៖ អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ខុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបានជោគជ័យនាពេលអនាគត។
ការប្រកាសគាំទ្រយ៉ាងពេញទំហឹងរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប នាពេលនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ សំណាះសំណាល និងនាំអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋចំនួន២២គ្រួសារ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្ញើជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ពិសេសនៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស២៥៦៧ សូមជួបតែសេចក្តីសុខ សុភមង្គល និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ក៏បានថ្លែងប្រាប់អតីតយុទ្ធជន និងបហរជាពលរដ្ឋ ពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិយ៉ាងធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គមនៅកម្ពុជា។ លោកបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង ១៨០គីឡូម៉ែត្រ ព្រែកជីកហ្វូណន-តេជោ ផ្តល់អត្ថប្រយោជន៍ដ៍មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន។
លោកបញ្ជាក់ថា «ដូច្នេះក្នុងនាមសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងបងប្អូនអតីតយុទ្ធជនទូទាំងស្រុក ក្រុង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន-តេជោ នេះឱ្យដំណើរដោយរលូន និងទទួលបានជោគជ័យ»។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានថ្លែងអំពានាវដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តតាមគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍរីកចម្រើនថែមទៀត ពិសេសសូមចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធិភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា អំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត នាំមកចែកជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ០១បេ មី ០១កេស ទឹកត្រី០១យួរ ត្រីខ ០១យួរ និងថវិកាចំនួន ២០,០០០រៀលផងដែ៕