(ភ្នំពេញ)៖ ក្រុមកម្មវិធីយុវជន ទំពាំងស្នងឫស្សី នៃសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ ក្រោមការណែនាំផ្ទាល់ពីលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្ដសកម្មភាព ដាំដើមឈើនៅវិទ្យាល័យព្រែកកំពឹស ស្ថិតក្នុងសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ។
ពិធីនេះបានធ្វើឡើង ដោយមានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដង្កោ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនេះដែរ លោក ឈួរ ឈុនហួរ ប្រធានជំនាន់ទី១ នៃកម្មវិធីទំពាំងស្នងឫស្សី បានលើកឡើងថា «ការដាំកូនប្រមាណជាង ១០០ដើមនាពេលនេះ ធ្វើឡើងក្នុងន័យគិតគូរពីបញ្ហា បរិស្ថានពេលបច្ចុប្បន្ន និងនៅពែលអនាគត ជាពិសេសដើម្បីឲ្យប្រទេសជាតិ យើងមានគម្របព្រៃ ដើម្បីប្រយោជន៍សម្រាប់មនុស្សជាតិផង និងសម្រាប់ជាប្រយោជន៍ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ ដែលផ្ដើមចេញពីវាគ្មិនទំពាំងស្នងឫស្សីរបស់យើង»។
លោក បានបន្ថែមថា «យើងផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ ធ្វើជាយុវជន មិនត្រូវចាំតែរិៈគន់សង្គម នឹងមើល បំណាំសង្គមនោះទេ តែត្រូវចាប់ផ្តើមធ្វើ និងការចូលរួមចំណែកជាមួយសង្គម តាមរូបភាពដែលអាចធ្វើបាន»។
សូមបញ្ជាក់ថា ក្រុមយុវជនទំពាំងស្នងឫស្សីត្រូវបានបង្កើតឡើង ដោយការបោះឆ្នោតជ្រើសរើស ពីយុវជន ក្នងសង្កាត់ ខណ្ឌ និងតាមមន្ទីរ ក្រសួង ដែរមានសមាជិក១៣៦នាក់។ កន្លងមកក្រុមយុវជននេះ បានចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ ហើយការងារទាំងនោះ គឺកើតឡើងពីការស្ម័គ្រចិត្ត ដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើន៕