(កំពង់ធំ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានចាត់ក្រុមការងារអ្នកតំណាងរាស្រ្ត មកប្រគល់រថយន្តពន្លត់អគ្គិភ័យ ១គ្រឿងដល់រដ្ឋបាលស្រុកកំពង់ស្វាយ នៅថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ២០២៤ ដើម្បីប្រើប្រាស់បម្រើ ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វាតទឹកប្រើប្រាស់  និងដើម្បីបង្ការគ្រោះអគ្គិភ័យជាយថាហេតុ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានថ្លែងអំណរគុណដល់ លោក សួស យ៉ារ៉ា និងភរិយា ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់ ពីទុក្ខកង្វល់របស់ប្រជាជននៅថ្នាក់មូលដ្ឋាន ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកនឹងចាត់ចែងរថយន្តនេះ ប្រើប្រាស់ត្រៀមបង្ការ សង្រ្គោះបន្ទាន់ ពេលមានគ្រោះមហន្តរាយអគ្គិភ័យ ឬគ្រោះរាំងស្ងួតជួយអន្តរាគមន៍ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោកសូមជូនពរអ្នកតំណាងរាស្រ្ត និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ដើម្បីរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕