(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀន២ករណីផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា វេលាម៉ោង៤ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ អាយុ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនឹងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០២ថង់។
បន្ទាប់មក នៅវេលាម៉ោង២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលព័ត៌មានពីសន្តិសុខថា មានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅចំណុចមុខក្លឹប MEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅ ហ្វឺស អាយុ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅម៉ត់សថ្លា (អ៊ិចស្តាស៊ី) ចំនួន១ថង់, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន១ថង់។ បន្ទាប់មកកម្លាំងបានឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូតបាន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរនាំរួច, ជនសង្ស័យឈ្មោះ ពេជ្រ ឃូមដឿន ហៅបៀ បានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង។ ចំណែកជនសង្ស័យឈ្មោះ ប្រាស៊ីត ឆាំណានមឿង ហៅហ្វឺត បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ សម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕