(ភ្នំពេញ)៖ យុវជននៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថាខ្លួនសប្បាយចិត្តនៅពេលមានឱកាសចូលហាត់ការនៅក្រុមហ៊ុនឯកជន ពីព្រោះវាជាឱកាសក្នុងការពង្រឹងសមត្ថភាពបន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តងក្រោយបញ្ចប់វគ្គហាត់ការ។

យុវជន ជុំ ចំរើន សិក្ខាកាមសិក្សាផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានលើកឡើងថា៖ «ខ្ញុំសប្បាយចិត្តណាស់ដែលបានមានឱកាសចុះហាត់ការនៅក្រុមហ៊ុន ឯកជនឈ្មោះ Lotus ដែលជាក្រុមហ៊ុនផ្នែកសំណង់ ព្រោះខ្ញុំបានរៀនជំនាញនៅក្នុងថ្នាក់ហើយ បន្ទាប់មកបានចុះអនុវត្តផ្ទាល់នៅក្រុមហ៊ុនឯកជនថែមទៀត»

យុវជនរូបនេះបន្ថែមថា នៅវគ្គចុះហាត់ការនេះខ្លួនរំពឹងយ៉ាងមុតមាំថានឹងមានឱកាសក្នុងការបម្រើការងារជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនដែលកំពុងចុះហាត់ការនេះផ្ទាល់តែម្តង ពីព្រោះការហាត់ការរយៈពេល១ខែមកនេះមានភាពល្អប្រសើរ ហើយមានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនផ្ទាល់តែម្តង។

ដោយឡែកយុវជន សូ កក្កដា សិក្ខាកាមម្នាក់ទៀតសិក្សា ផ្នែកសំណង់ ជំនាញដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក៏បានលើកឡើងដែរថា៖ «ខ្ញុំរីករាយណាស់ដែលបានរៀនជំនាញក្នុងថ្នាក់បានយ៉ាងល្អ ហើយមានឱកាសចុះហាត់ការនៅក្រុមហ៊ុនឯកជនឈ្មោះ A2Z ដែលជាក្រុមហ៊ុនផ្នែកសំណង់ ពីព្រោះវាជាឱកាសរៀនសូត្របន្ថែម ពង្រឹងសមត្ថភាព និងជាពិសេសនឹងអាចមានឱកាសធ្វើការនៅក្រុមហ៊ុនដ៏ល្អនេះផងដែរ»

យុវជនរូបនេះបន្ថែមថា ខ្លួនបានចុះហាត់ការបានរយៈពេល១ខែហើយ បន្ទាប់ពីសិក្សាជំនាញអស់រយៈពេលជិត៤ខែនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយរំពឹងថាក្រុមហ៊ុននឹងអាចជ្រើសរើសខ្លួនក្លាយជាបុគ្គលិកពេញសិទ្ធិបន្ទាប់ពីបញ្ចប់ការហាត់ការនៅទីនេះ។

ទន្ទឹមនឹងនេះសិក្ខាកាមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះឡើង ដែលវាឱកាសសម្រាប់យុវជនក្នុងការសិក្សាជំនាញដែលមានរយៈពេលខ្លី ហើយអាចរកការងារបានធ្វើថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានបើកបវេសនកាលវគ្គដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមទូទាំងប្រទេសបាននឹងកំពុងសិក្សាជំនាញនានាដែលខ្លួនពេញចិត្ត ខណៈដែលសិក្ខាកាមមួយចំនួនក៏បាននឹងកំពុងចុះហាត់ការនៅបណ្តាក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាព និងចាប់យកឱកាសការងារនៅក្រុមហ៊ុនឯកជន បន្ទាប់ពីបញ្ចប់វគ្គហាត់ការរួចផងដែរ៕