(ភ្នំពេញ)៖ លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងជាគ្រូបង្គោលថ្នាក់សរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ បានលើកឡើងអំពីភាពចាំបាច់ ក្នុងការសរសេរតួលេខនៅក្នុងសេចក្ដីប្រកាសព័ត៌មាន។ ការពន្យល់ពីភាពចាំបាច់នៃតួលេខនេះ បានធ្វើឡើងនៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី ០៤ ឧសភា ឆ្នាំ២០២៤នេះ។

លោក អាន ស៊ីថាវ បានឲ្យដឹងថា៖ «តួលេខ(infographic) គឺជាការបង្ហាញអំពីការប្រាស្រ័យទាក់ទងទៅកាន់សាធារណជនងាយស្រួលយល់អំពីព័ត៌មាននៅក្នុងសេចក្ដីថ្លែងការណ៍នោះ។ អត្ថប្រយោជន៍នៃការប្រើប្រាស់តួរលេខគឺ ដើម្បីបង្ហាញភាពច្បាស់លាស់ ងាយយល់ និងងាយសម្រេចចិត្ត»

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឧទាហរណ៍ថា ពេលជិះតាមផ្លូវឃើញគេដាក់តួលេខ discount or 1+1 ជាដើម ឬក៏ messages ទទួលបានពីក្រុមហ៊ុនទូរស័ព្ទ នេះជាភាពសាមញ្ញ ខ្លីៗ ងាយយល់របស់តួលេខ។ បើក្រឡេកទៅមើលការសរសេរសម្រាប់អ្នកបើកអាជីវកម្ម តួលេខ (infographic) បានបង្ហាញអំពីតម្លៃផលិតផល ឬសេវាកម្មដល់អតិថិជន សង្វាក់ផលិតកម្ម ការចែកចាយសម្រាប់ដៃគូ និងប្រព័ន្ធផ្សព្វផ្សាយ។

សូមជម្រាបថា ថ្នាក់សរសេរព័ត៌មាន «សេចក្តីប្រកាសព័ត៌មាន» គឺជាថ្នាក់សិក្សាពិសេសមួយ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News។ ក្រៅពីនោះក៏មានដូចជាថ្នាក់សរសេរព័ត៌មានទូទៅ ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ និងថ្នាក់សិក្សាអំពីការថតរូប ក្នុងវិជ្ជាជីវៈសារព័ត៌មានជាដើម។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម ៕