(ពិភពលោក)៖ ក្នុងគោលដៅរក្សាសន្តិសុខ ក្នុងផ្ទៃប្រទេស ក្រៅប្រទេស និងដើម្បីបង្ការការផ្ទុះសង្គ្រាមជាដើម រដ្ឋស្ទើរទាំងអស់លើ ពិភពលោក សុទ្ធតែមានកម្លាំងយោធាផ្ទាល់ខ្លួន ទោះក្នុងកម្រិតខ្ពស់ ឬទាបយ៉ាងណាក៏ដោយ។
ទោះជាយ៉ាងនេះក្តី នៅតែមានប្រទេសមួយចំនួន ដែលមិនមានកងកម្លាំងយោធាផ្ទាល់ខ្លួន ឡើយដោយសារហេតុផលជាច្រើន ក្នុងនោះមានដូចជា កាត់បន្ថយការចំណាយ ការទទួលបានកិច្ចការពារពីបរទេស ឬដោយសារជាប្រទេស ដែលមានសន្តិភាពខ្ពស់ និងមិនធ្លាប់កើតមានសង្គ្រាមទាល់តែសោះ។
ខាងក្រោមនេះជាបញ្ជីប្រទេស ដែលគ្មានកងកម្លាំងយោធា៖
1-ប្រទេស អង់ដូរ៉ា (Andorra)៖ ស្ថិតនៅទ្វីបអឺរ៉ុប ប្រទេសនេះ គ្មានទ័ពឈរជើងឡើយ ប៉ុន្តែបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសបារាំង និងអេស្ប៉ាញ ដើម្បីទទួលបានការការពារ។ កងកម្លាំងស្ម័គ្រចិត្តមួយចំនួនតូច របស់ប្រទេសនេះ នៅមានភាពខ្សោយជាខ្លាំង។
2- ប្រទេសកូស្តារីកា (Costa Rica)៖ ស្ថិតនៅតំបន់អាមេរិកកណ្តាល។ តាមរដ្ឋធម្មនុញ្ញ ប្រទេសនេះ បានហាមឃាត់មិនឱ្យមាន កងទ័ព ឈរជើង ចាប់តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ។ តែប្រទេសនេះ មានកងកម្លាំងសន្តិសុខសាធារណៈ ដែលមានតួនាទីក្នុងការថែរក្សាសន្តិសុខ ក្នុងផ្ទៃប្រទេសប៉ុណ្ណោះ។ ដោយសារហេតុផលនេះហើយ បានជាប្រទេស កូស្តារីកា ក្លាយជាទីតាំងការិយាល័យរបស់ តុលាការសិទ្ធមនុស្ស អន្តរអាមេរិកាំង និងជាទីតាំងរបស់សកលវិទ្យាល័យ សហប្រជាជាតិដើម្បីសន្តិភាព។
3-ប្រទេសដូមីនីកា (Dominica)៖ ជាប្រទេសដីកោះ ក្នុងតំបន់ការ៉ាបៀន នៅអាមេរិកកណ្តាល។ ប្រទេសនេះ មិនមានកងកម្លាំងយោធា ឈរជើង ចាប់តាំងពីឆ្នាំ១៩៨១មកម្ល៉េះ។ កិច្ចការពារជាតិជាតួនាទី របស់ប្រព័ន្ធសន្តិសុខក្នុងតំបន់។
4-ប្រទេសហ្គ្រីនណាដា (Grenada)៖ ស្ថិតនៅតំបន់អាមេរិកកណ្តាលក្បែរតំបន់ ការ៉ាបៀន។ ប្រទេសនេះមិនមានកម្លាំងយោធាឈរជើង ចាប់តាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ដោយសារការឈ្លានពាន ដែលដឹកនាំដោយអាមេរិក។
5-ប្រទេសគីរីបាទី (Kiribati)៖ ជាប្រទេស ដីកោះស្ថិតនៅកណ្តាលមហាសមុទ្រ ប៉ាស៊ីហ្វិក។ ងតាមរដ្ឋធម្មនុញ្ញាបានឲ្យដឹងថា កងកម្លំាង តែមួយគត់ ដែលអនុញ្ញាតឲ្យមានក្នុង ប្រទេសគឺកម្លាំងប៉ូលីស រួមទាំងកម្លាំងឈ្លបតាមដែនសមុទ្រ ដើម្បីរក្សាសន្តិសុខក្នុងផ្ទៃប្រទេស។ ប្រទេស អូស្ត្រាលី និងញ៉ូវហ្សេឡែន ជាប្រទេសដែលផ្តល់ជំនួយការពារជាតិ ក្រោមកិច្ចព្រមព្រៀងមិនផ្លូវការ រវាងប្រទេសទាំងបី។
6- ប្រទេសលិចទេនស្តែន (Liechtenstein)៖ ស្ថិតនៅតំបន់អឺរ៉ុបកណ្តាល បានហាមឃាត់មិនឲ្យមាន កងទ័ពតាំងពីឆ្នាំ១៨៦៨មកម្ល៉េះ ដោយសារវាហាក់មានការចំណាយច្រើន។ កងកម្លាំងដែលត្រូវបានអនុញ្ញាតឲ្យ មានតែក្នុងពេលមានសង្គ្រាមតែប៉ុណ្ណោះ។ ប៉ុន្តែបញ្ហា សង្គ្រាមមិនធ្លាប់កើតមាន ទាល់តែសោះក្នុងប្រទេសមួយនេះ។ យ៉ាងនេះក្តី ប្រទេស លិចទេនស្តែន មានកងកម្លាំងប៉ូលីស និងក្រុមរក្សា សន្តិសុខដែលប្រដាប់ដោយអាវុធតូចតាច ដើម្បីរក្សាសន្តិសុខក្នុងផ្ទៃប្រទេស។
7-ប្រទេសដីកោះម៉ាស្យល (Marshall Islands)៖ ជាប្រទេសដីកោះ ស្ថិតនៅកណ្តាលមហាសមុទ្រ ប៉ាស៊ីហ្វីក។ ចាប់តាំងការកកើត រដ្ឋមក កងកម្លាំងដែលត្រូវបានអនុញ្ញាតឲ្យមានគឺប៉ូលីស ដែលក្នុងនោះរួមបញ្ជូល ទាំងកងកម្លាំងល្បាតដែនសមុទ្រ ដែលត្រូវការ សម្រាប់រក្សាសន្តិសុខក្នុងផ្ទៃប្រទេស។
8-ប្រទេស មីក្រូនេស៊ី (Federated States of Micronesia)៖ ជាប្រទេសដីកោះស្ថិតនៅភាគខាងលិច នៃមហាសមុទ្រ ប៉ាស៊ីហ្វិក ចាប់តាំងពីប្រទេសនេះ ត្រូវបានបង្កើតឡើង ពុំធ្លាប់មានកម្លាំងយោធាណាមួយ ត្រូវបានបង្កើតឡើងម្តងណាឡើយ។ កងកម្លាំងដែលត្រូវ បានអនុញ្ញាត គឺមានតែប៉ូលីសតែប៉ុណ្ណោះ។
9- ប្រទេសណូរុ (Nauru)៖ ជាប្រទេសដីកោះតូចជាងគេទីបីលើពិភពលោក ដែលស្ថិតនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកខាងត្បូង។ ប្រទេស អូស្ត្រាលីមានទំនួលខុសត្រូវ សម្រាប់ការពារប្រទេស ណូរុ ក្រោមកិច្ចព្រមព្រៀងមិនផ្លូវការ រវាងប្រទេសទាំងពីរ។ យ៉ាងនេះ ក្តី ប្រទេសនេះ មានកងកម្លាំងប៉ូលីស ប្រដាប់ដោយអាវុធ ដើម្បីរក្សាសន្តិសុខក្នុងប្រទេស។
10-ប្រទេសប៉ាឡូវ (Palau)៖ ជាប្រទេសដីកោះ ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីក។ ចាប់តាំងពីការករកើតរដ្ឋមក មានតែប៉ូលីស តែប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យមាន ក្នុងប្រទេសមួយនេះ ដែលក្នុងនោះរួមបញ្ជូលទាំង កងកម្លាំងល្បាតផ្ទៃសមុទ្រចំនួន ៣០នាក់ ប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើង ដើម្បីរក្សាសន្តិសុខក្នុងផ្ទៃប្រទេស។ ដោយឡែកកិច្ចការពារជាតិ ត្រូវបានជួយជ្រំជ្រែងពីសំណាក់ ប្រទេសមហាអំណាចសហរដ្ឋអាមេរិក។
ក្រៅពីប្រទេសទាំង១០ខាងលើ នៅមាន៦ប្រទេសផ្សេងទៀត ទៀតដែលគ្មានកម្លាំងយោធាដូចគ្នា ដែលក្នុងនោះមានដូចជាប្រទេស Saint Lucia ប្រទេស Saint Vincent and the Grenadines ប្រទេស Samoa ប្រទេស Solomon Islands ប្រទេស Tuvalu និងបុរី Vatican៕