(កំពង់ធំ)៖ លោក នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកបានបញ្ចប់នូវការបន្ទោរបង់ពាសវាលពាស នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។

លោក នួន ដាញ៉ិល បានលើកឡើងថា សម្រាប់ខេត្តកំពង់ធំ ស្រុកប្រាសាទសំបូរ គឺជាស្រុកទី១ ដែលបានសម្រេចបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅដើមឆ្នាំ២០២៤នេះ។

លោកបន្តថា បច្ចុប្បន្នខេត្តដែលបានសម្រេចបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលមាន៦ខេត្ត៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប ដូច្នេះភាពជោគជ័យនៅស្រុកប្រាសាទសំបូរ គឺជាគំរូល្អមួយសម្រាប់ជាបទពិសោធន៍ដែលស្រុក/ក្រុងផ្សេងៗទៀត ត្រូវតែយល់ដឹងនិងពិចារណាពីគន្លឹះនៃភាពជោគជ័យនេះ។

លោកបញ្ជាក់ថា ការសម្រេចបានជាខេត្តឈប់បន្ទោសបង់ពាសវាលពាសកាលនឹងក្លាយជាមោទនភាពបំផុតរបស់ខេត្តទាំងមូល និងឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព ។

លោកបានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំនិងភូមិ ត្រូវតាមដានត្រួតពិនិត្យការផ្សព្វផ្សាយគ្រប់រូបភាព លើកទឹកចិត្តឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ កៀរគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាពក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីអាចសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល។

តាមរបាយការណ៍ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ស្រុកប្រាសាទសំបូរមានប្រជាជនសរុប៥១,០១១នាក់ គ្រួសារសរុប១១,៩៤៩គ្រួសារ ខ្នងផ្ទះសរុប១០,៨២៧ខ្នង ខ្នងផ្ទះមានបង្គន់កែលម្អផ្ទាល់ខ្លួន១០,២៧៣ខ្នង និងខ្នងផ្ទះប្រើប្រាស់បង្គន់ រួមមាន ៥៥៤ខ្នង នៅក្នុងឆ្នាំ២០១៩ អត្រាគ្របដណ្ដប់អនាម័យមាន៧១.៨៩% ដល់ឆ្នាំ២០២៣ អត្រាគ្របដណ្ដប់អនាម័យកើនឡើងដល់៩៤%៕