(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្ដមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តដល់បេក្ខជន៣០នាក់ ក្នុងខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ នូវម៉ូតូ៣០គ្រឿង តាមការសន្យារបស់លោក ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស សុខា បានបញ្ជាក់ នៅលើ Facebook របស់លោកនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «តាមផែនការ និងការប្រកាសសន្យា យើងខ្ញុំនឹងរៀបចំប្រគល់ ម៉ូតូម្នាក់១គ្រឿងដល់ជ័យលាភីនិទ្ទេស A ទាំង១៤នាក់ក្នុងខេត្តព្រៃវែង។ ដូចគ្នាដែរ ក៏នឹងផ្ដល់ម៉ូតូ១គ្រឿងដល់ប្អូនៗនិទ្ទេស A ទាំង១៦នាក់ក្នុងខេត្តបន្ទាយមានជ័យ នាពេលឆាប់ៗខាងមុខនេះ»។
លោក បន្ថែមថា «ក្រៅពីនេះ ប្អូនៗដែលជាប់បាក់ឌុបទូទៅ ក្នុងខេត្តទាំងពីរខាងលើ ក៏អាចទទួលបានអាហារូបករណ៍រៀនមហាវិទ្យាល័យ ពីខ្ញុំបាទ និងភរិយាផងដែរ ប្រសិនបើប្អូនៗចង់។ នៅព្រៃវែង សូមទាក់ទងនៅទីស្នាក់ការកណ្ដាល ស.ស.យ.ក ខេត្តព្រៃវែង ម្ដុំចុងប៉ម»។
ដោយឡែក លោកក៏បានលើកទឹកចិត្តដល់ប្អូនបេក្ខជន ដែលប្រឡងមិនជាប់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត កុំបាក់ទឹកចិត្ត ត្រូវតែមានសង្ឃឹមជានិច្ច ជោគជ័យនៅតែមាន៕