(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ជំនួបសម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។

ជំនួបសំណេះសំណាលនៅរសៀលថ្ងៃនេះ ជាការបន្តនូវគំរូសម្តេចតេជោ ហ៊ុន សែន ពេល​សម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យសារព័ត៌​មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀង​រាល់​ឆ្នាំ។

ជំនួបសម្តេចតេជោ ជាមួយអ្នកសារព័ត៌មាន ត្រូវបានរៀបចំជាលើកដំបូងនៅថ្ងៃទី១៤ ខែ​មករា ឆ្នាំ២០១៧ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកដែលប្រកបអាជីវកម្ម​ក្នុង​វិស័យព័ត៌មានអាចជួបជុំគ្នាមួយឆ្នាំម្តងជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកនាំ​ពាក្យ​តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាដើម្បីដោះស្រាយបញ្ហាមួយចំនួន​ដែលជាសំណូមពររបស់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីវកម្មនៅក្នុងវិស័យព័ត៌មាន​និង​សោតទស្សន៍។ ជំនួបរវាងសម្តេចតេជោ ជាមួយអ្នកសារព័ត៌មានបានធ្វើឡើងចំនួន​៥លើក​។

ជំនួបនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ រវាង សម្តេចធិបតីនាយករដ្ឋមន្ត្រី និង​អ្នកសារ​ព័ត៌​មាននៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹងមានអ្នកចូលរួមសរុបប្រមាណ ៥,០០០នាក់ រួមមាន សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យ​ក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មាន អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជ​ការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត និងក្រុមព័ត៌មាន និងសាធារណ​មតិ៥រូប តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកសារព័ត៌មាន៕