(ភ្នំពេញ)៖ ខណៈពេលដែលកត្តាអាកាសធាតុហាក់មានការឡើងកម្តៅខ្លាំងគួរឱ្យកត់សម្គាល់ អាជ្ញាធរខណ្ឌបឹងកេងកងបានបន្តការយកចិត្តទុកដាក់ប្រើវិធាន ដើម្បីទប់ស្កាត់ និងបង្ការការពារទៅនឹងរលកកម្តៅ ដើម្បីធានាបានផលវិជ្ជមានចំពោះសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងសិក្សា។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីរាជការជុំវិញសាលាខណ្ឌ-សង្កាត់ ដោយសហការជាមួយមន្ត្រីការិយាល័យរថយន្តបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តពីរគ្រឿងបាញ់ទឹកតាមបរិវេណសាលារៀននៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយរលកចំហាយកម្តៅ ធានាបានផលវិជ្ជមានល្អចំពោះសុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សដែលកំពុងសិក្សានាពេលបច្ចុប្បន្ន។
លោក សុខ សម្បត្តិ ប្រាប់ឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរណែនាំពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌបឹងកេងកង រួមជាមួយអាជ្ញាធរសង្កាត់ ដោយសហការជាមួយការិយាល័យរថយន្តបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តបាញ់ទឹកចំនួន២គ្រឿងបាញ់ទឹកនៅក្នុងបរិវេណសាលារៀន ក្នុងការកាត់បន្ថយរលកចំហាយកម្តៅ ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បង្រៀន និងរៀនបានស្រួល។
លោក សុខ សម្បត្តិ បានបន្តថា បញ្ហាអាកាសធាតុនេះកើនឡើងកម្តៅទូទាំងប្រទេស ហើយប្រទេសផ្សេងទៀតក៏កើតឡើងដែរ ដូច្នេះបញ្ហាកម្តៅនេះរដ្ឋបាលខណ្ឌបឹងកេងកងបានយកចិត្តទុកដាក់តាមដានជាប់ជាប្រចាំនៅក្នុងមូលដ្ឋាន ជាពិសេសតាមថ្នាលបណ្តុះបណ្តាលការសិក្សាសាលារៀន ពីព្រោះថាបើអាកាសធាតុក្តៅខ្លាំង សិស្សានុសិស្សរៀនមិនចូលនោះទេ ហើយលោកគ្រូ អ្នកគ្រូ ក៏បង្រៀនមិនកើតនោះដែរ។
បញ្ហាអាកាសធាតុកើនឡើងនូវកម្តៅនេះ វាពិតជាមានផលប៉ះពាល់ណាស់ដល់សិស្សានុសិស្ស ហើយក្នុងនាមអាជ្ញាធរខណ្ឌបឹងកេងកង លោកបានយកចិត្តទុកដាក់បំផុតលើការងារនេះ តាំងពីកំឡុងមុនពេលពិធីបុណ្យចូលឆ្នាំថ្មីមកម្ល៉េះ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌបឹងកេងកងបានណែនាំលោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ ពេលមកបង្រៀន ឬមករៀនអាកាសធាតុក្តៅខ្លាំង ត្រូវភ្ជាប់ជាមួយនូវកូនកន្សែងសម្រាប់ជ្រលក់ទឹកស្អំខ្លួនប្រាណ ក្បាលឲ្យបានញឹកញ៉ាប់ ហូបទឹកឲ្យបានច្រើន ទ្វារ និងបង្ហួចត្រូវបើកឲ្យធំៗ ដើម្បីឲ្យខ្យល់អាកាសចេញចូលបានល្អ។ ការធ្វើបែបនេះ គឺដើម្បីការពារសុខភាពខ្លួនប្រាណមនុស្សគ្រប់គ្នា៕