(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះអ្នកដែលបំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងការកាប់បំផ្លាញព្រៃលិចទឹក ទាំងការឈូសឆាយដីព្រៃលិច ទឹកក្នុងតំបន់៣និងតំបន់២ រួមទាំងបទល្មើសនេសាទផងដែរ។

ជាក់ស្ដែង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនឆក់ឱកាសមួយចំនួនតូចបានបន្តលួចកាប់ឆ្ការ និងឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតាមបណ្ដាភូមិសាស្ត្រក្នុងស្រុកមួយចំនួន ក្នុងនោះប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានបញ្ជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តាមូលដ្ឋានដែលមានបទល្មើសជាក់ស្ដែងចុះចាប់ឃាត់ ខ្លួនទាំងអ្នកប្រព្រឹត្ត និងគ្រឿងចាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់។

ដោយឡែក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តាមការចង្អុលបង្ហាញពីលោកអភិបាលខេត្ត កម្លាំងចម្រុះមួយក្រុមមានក្រុមការងារខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង រួមជាមួយសង្កាត់រដ្ឋបាលជលផលជលគិរី បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកជលគិរី មានអាជ្ញាធរឃុំពាមឆ្កោក អាជ្ញាធរឃុំកោះថ្កូវ នគរបាលប៉ុស្តិ៍រដ្ឋបាលពាមឆ្កោក សហគមន៍នេសាទ ដឹកនាំដោយលោក មុត ម៉េង អភិបាលរងស្រុកជលគិរី បានចុះពិនិត្យទីតាំងការលួចកាប់នឹងដុតនំផនលាញព្រៃលិចទឹកមាន៤ចំណុច។ ចំណុចទី១-ស្ថិតនៅមាត់បឹងឆ្នុកអណ្ដែង, ចំណុចទី២-នៅចុងព្រែកឆ្លុកអណ្ដែង,ចំណុចទី៣-ជាប់ព្រែកឆ្នុកអណ្ដែង, និងចំណុចទី៤-ចំណុចព្រំប្រទល់ភូមិពាមពពិច ក្នុងឃុំកោះថ្កូវ ជាមួយនឹងភូមិភ្លង ក្នុងឃុំពាមឆ្កោក ក្នុងស្រុកជលគិរី សរុបការខូចខាតអស់ទំហំប្រមាណ៤ហិកតានិង១៥អា។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ថា ករណីនេះលោកនឹងមិនលើកលែងឲ្យនោះឡើយ គឺត្រូវអនុវត្តទៅតាមច្បាប់ដោយស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងម្ចាស់ទីតាំងដីខាងលើនេះ ដើម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ ទន្ទឹមនឹងនេះ លោកក៏សុំសំណូមពរដល់អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រខាងលើនេះ ជួយសហការចង្អុលបង្ហាញអ្នកដែលពាក់ព័ន្ធ ដើម្បីឲ្យជំនាញរបស់លោកមានមូលដ្ឋានក្នុងការកំណត់មុខសញ្ញា ដើម្បីរៀបចំឯកសារបញ្ជូនទៅតុលាការឲ្យបានឆាប់។

លោកនាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ទៀតថា ករណីស្រាវជ្រាវរកអ្នកពាក់ព័ន្ធការកាប់នឹងដុតបំផ្លាញដីព្រៃលិចទឹកខាងលើនេះ អ្នកដែលអាចដឹងច្បាស់មានតែអាជ្ញាធរមូលដ្ឋានទេ ចំណែកលោកជាមន្ត្រីជំនាញគឺនៅប្រយោលមិនអាចដឹងច្បាស់ថា ជនណាម្នាក់ដែលពាក់ព័ន្ធក្នុងករណីនេះនោះទេ តែទោះជាយ៉ាងណាក៏ដោយលោកនឹងព្យាយាមឃ្លាំមើលម្ចាស់ទីតាំងដីខាងលើនេះ នៅពេលដែលពួកគេចុះមកបង្ករបង្កើតផល ឬក៏ធ្វើសកម្មភាពអ្វីជាបន្តទៀតនៅលើទីតាំងនេះ ព្រោះកុកនៅតែមិនភ្លេចជុងនោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខាងលើនេះ កន្លងមក លោកអភិបាលខេត្តក៏បានដឹកនាំក្រុមការងារ មានអាជ្ញាធរភូមិ ឃុំស្រុកចំនួន២ស្រុក ក្នុងនោះមានលោកអភិបាលស្រុករលាប្អៀរ និងលោកអភិបាល ស្រុកជលគិរី រួមទាំងមន្ត្រីជំនាញនិងសមត្ថកិច្ចសរុបជាច្រើននាក់ ចុះពិនិត្យទីតាំងការកាប់ឆ្កានិងដុតបំផ្លាញដីព្រៃលិចទឹកនៅតំបន់នោះម្ដងរួចមកហើយ។ កាលណោះដែរ លោកអភិបាលខេត្តបានណែនាំប្រជាពលរដ្ឋមិនឲ្យមានការកាប់ឆ្ការ និងដុតបំផ្លាញព្រៃនៅតំបន់នោះជាបន្តទៀតឡើយ បើចង់កាប់ឆ្កាឬធ្វើ អ្វីនៅលើទីតាំងនេះ ត្រូវតែសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន លោកអភិបាលក៏បានណែនាំដល់អាជ្ញាធរត្រូវតែពិនិត្យមើលឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតច្បាប់ឱ្យធ្វើ តើច្បាប់ណាអាចសុំត្រឹមស្រុកច្បាប់ណាអាចសុំដល់ខេត្ត និងច្បាប់ណាត្រូវសុំអនុញ្ញាតដល់ក្រសួង ដូច្នេះអាជ្ញាធរមូលដ្ឋានមុននឹងអនុញ្ញាតច្បាប់ឱ្យគេធ្វើត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ចៀសវាងការអនុញ្ញាតខុសគោលការណ៍៕