(ភ្នំពេញ)៖ លោក ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារចំនួន១៤ នៅទីស្តីការក្រសួងសង្គមកិច្ច នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

លោក ឌីន បូរី បានលើកឡើងថា សារៈសំខាន់នៃការផ្តល់វិញ្ញាបនបត្រទទួលស្គាល់មណ្ឌលថែទាំកុមារ ទទួលស្គាល់មណ្ឌល រួមមាន៖

១៖ ទប់ស្កាត់ការបើកមណ្ឌលដែលគ្មានគុណភាព និងអាណាធិបតេយ្យ
២៖ ទប់ស្កាត់ការរំលោភបំពានកុមារ
៣៖ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ
៤៖ អាចត្រួតពិនិត្យបាននូវឥវិយាបថរបស់អ្នកថែទាំកុមារ
៥៖ គ្រប់គ្រងបាននូវប្រភពហិរញ្ញាវត្ថុរបស់កុមារ

លោកបានបន្តថា ដើម្បីបន្តធ្វើកំណែទម្រង់វិស័យថែទាំជំនួសចំពោះកុមារ ក្រសួងសង្គមកិច្ច បានសហការជាមួយបណ្តាក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានធ្វើការពិនិត្យ និងកែសម្រួលឡើងវិញគោលនយោបាយស្តីពីការថែទាំជំនួស ចំពោះកុមារ នៅឆ្នាំ២០០៦ ហើយថ្មីៗនេះ ក្រសួងបានដាក់ចេញគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដើម្បីឲ្យស្របយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ កម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងគោលការណ៏ណែនាំរបស់អង្គការសហប្រជាជាតិសម្រាប់ការថែទាំជំនួសចំពោះកុមារ។

ជាមួយគ្នានោះ លោក ឌីន បូរី ចូលរួមផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីធានាបានការផ្តល់សេវាថែទាំជំនួសទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងគោលដៅការពារឧត្តមប្រយោជន៍ និងសុខុមាលភាព រួមមាន៖

១៖ ត្រូវអនុវត្តតាមច្បាប់ គោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងកិច្ចការពារកុមារ
២៖ មណ្ឌលត្រូវគោរពឲ្យបានដាច់ខាតតាមប្រកាសលេខ ស.អ.យ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីបទដ្ឋានអប្បបរមាសម្រាប់ការថែទាំកុមារក្នុងមណ្ឌល
៣៖ អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល មណ្ឌលថែទាំកុមារ ត្រូវគោរពតាមវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពីគុណវឌ្ឍអង្គការសុវត្ថិភាពពីក្រសួង ស.អ.យ ដើម្បីទប់ស្កាត់ រាយការណ៍និងឆ្លើយតបចំពោះការរំលោភបំពាន
៤៖ ការអនុញ្ញាតឲ្យកុមាររស់នៅក្នុងមណ្ឌលថែទាំកុមារ ត្រូវគោរពតាមនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ហើយការទុកដាក់កុមារក្នុងមណ្ឌលថែទាំកុមារ ជាជម្រើសចុងក្រោយ និងបណ្តោះអាសន្ន
៥៖ បន្តតាមដានកុមារដែលបានធ្វើសមាហរណទៅកាន់គ្រួសារក្នុងសហគមន៍ ដើម្បីធានាថា ពួកគេទទួលបានសុខុមាលភាព និងសុវត្ថិភាពក្នុងសហគមន៍
៦៖ អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល ដែលមិនមានកិច្ចព្រមព្រៀងគម្រោង ត្រូវស្នសុំការគាំទ្រគម្រោងកម្មវិធី ជាមួយក្រសួងសង្គមកិច្ច និងរក្សាបាននូវគោលការណ៍អាព្យាក្រឹត្យ ស្របតាមច្បាប់ស្តីពីសមាគម និងអ្គការមិនមែនរដ្ឋាភិបាល។

សូមបញ្ជាក់ថា​ ការផ្តល់ការអនុញ្ញាតឲ្យបើកមណ្ឌលដំណើរការថែទាំកុមារ គឺមានតែក្រសួងសង្គមកិច្ច តែមួយគត់ ដែលជាស្ថាប័នសមត្ថកិច្ច ហើយមណ្ឌលថែទាំមិនបានទទួលស្គាល់ទេ គឺមណ្ឌលថែទាំនោះជាមណ្ឌលខុសច្បាប់តែម្តង៕