(មណ្ឌលគិរី)៖ មានការប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន១១ប្រភេទ នៅចំណុចភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយត្រូវបានមន្ដ្រីជំនាញកម្ទេចចោលតែម្ដង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រាប់ដែលត្រូវបានប្រទះឃើញ ហើយអង្គភាពប្រយុទ្ធប្រឆាំងយុទ្ឋភ័ណ្ឌមិនផ្ទុះ (CMAC) បំផ្លាញចោលនោះ រួមមាន គ្រាប់ ប៊្កូ26 ចំនួន២គ្រាប់, គ្រាប់ M79 ចំនួន៣គ្រាប់, គ្រាប់បែកដៃ M75 ចំនួន១គ្រាប់, គ្រាប់ឡង់ ចំនួន១គ្រាប់, គ្រាប់ B40 ចំនួន១គ្រាប់, គ្រាប់ 80mm ចំនួន១គ្រាប់់, គ្រាប់ 81mm ចំនួន២គ្រាប់, គ្រាប់ DK75 ចំនួន១គ្រាប់, គ្រាប់ M75 ចំនួន២គ្រាប់, គ្រាប់ រុកែត ចំនួន២គ្រាប់ និងគ្រាប់105 ចំនួន២គ្រាប់។

លោកអភិបាលខេត្តបានអះអាងថា ក្រោយប្រទះឃើញមន្ដ្រីជំនាញបានសម្រេចកម្ទេចចោលតែម្ដង។

ក្នុងន័យនេះ លោក ថង សាវុន ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ នៅមូលដ្ឋានរបស់ខ្លួន សូមសហការរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការភ្លាមៗ ដោយមិនត្រូវធ្វើការប៉ះពាល់ ឬរើសបំផ្លាស់ទីគ្រាប់ទាំងអស់នោះឡើយ ជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕