(បារាំង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សា OECD និងជួបឥស្សរជនមួយចំនួន នៅទីក្រុងប៉ារីស ប្រទេសបារាំង។

នៅពេលព្រឹក លោកបណ្ឌិត កៅ គឹមហួន បានចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០២៤ នៃក្រុមប្រឹក្សាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ានបានផ្តល់សន្ទរកថា ដើម្បីប្រារព្ធរខួបអនុស្សាវីរយ៍លើកទី១០ នៃការដាក់ដំណើរការកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (SEARP) ផងដែរ។

នៅព្រឹកថ្ងៃដដែល លោកបណ្ឌិតបានចូលរួមពិសាអាហារពេលព្រឹកសម្រាប់អ្នកចូលរួមនៃកម្មវិធីថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (SEARP) រៀបចំដោយលោក Kurt Campbell អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងលោក Sean Patrick Maloney ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD)។ ការស្រស់ស្រូបអាហារពេលព្រឹកនេះ បានជជែកពិភាក្សាគ្នាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ព្រមទាំងបញ្ហាមួយចំនួនទៀត។

នៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Taro Kono រដ្ឋមន្ត្រីបរិវត្តកម្មឌីជីថលជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកឌីជីថលរវាងអាស៊ាននិងជប៉ុន ព្រមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនទៀត។

លោកអគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃការសម្រេចបាននៃវិស័យអាទិភាព និងសមិទ្ធផលដែលអាចសម្រេចបានរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចការមួយចំនួនទៀត។

លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Young Tae Kim អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងការតភ្ជាប់ការដឹកជញ្ជូនរវាងអាស៊ាន និងទីផ្សារពិភពលោក ក៏ដូចជាដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព ព្រមទាំងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យដឹកជញ្ជូន។

នៅរសៀលថ្ងៃដដែល លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Sanhueza Riveros អនុរដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងការបរទេសស៊ីលី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគិតរកវិធី និងមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្រោមភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ៕