(ភ្នំពេញ)៖ លោកស្រី សឹង សូហ្វីយ៉ាន អាយុ៨២ឆ្នាំ ជាសមាជិកក្រុមការងារកាកបាទក្រហមកម្ពុជាសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដែលមានជំងឺលើសឈាម (ដើរមិនរួច) ពេលនេះបានទទួលថវិកាចំនួន១លានរៀល ដើម្បីសម្រាលបន្ទុកជីវភាពមួយចំនួន ក្រោមការយកចិត្តទុកដាក់ និងការចែករំលែកក្នុងការជួយគ្នាក្នុងគ្រាលំបាក ពីសំណាក់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

សកម្មភាពសមធម៌ នៃការប្រគល់ថវិកាតំណាងលោក ជិន ប៊ុនធឿន អភិបាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ គឺលោក ប៊ុត បូវណ្ណារ័ត្ន ជាប្រធានដឹកនាំ ព្រមទាំងមានការចូលរួមពីអនុប្រធានលោក ស៊ូ សារ៉ាត់ សមាជិក និងមន្ត្រីអនុសាខាខណ្ឌ ជាមួយការទទួលថវិកាដោយលោកស្រី សឹង សូហ្វីយ៉ាន ដែលមានជំងឺលើសឈាម នេះបានធ្វើឡើងនៅមន្ទីរសម្រាកព្យាបាលសម្ភពរួមចិត្ត (រាជធានីភ្នំពេញ) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ ក្រុមការងារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ បានពាំនាំការផ្តាំផ្ញើអំពីការសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកស្រី សឹង សូហ្វីយ៉ាន ដោយក្តីនឹករលឹក និងសូមជូនពរលោកស្រីឲ្យឆាប់ធូរស្រាលពីជំងឺឡើងវិញ តាមរយៈការសម្រាកឲ្យបានគ្រប់គ្រាន់ និងការយកចិត្តទុកដាក់ញាំថ្នាំតាមវិជ្ជៈបញ្ជារបស់ក្រុមគ្រូពេទ្យ ជាមួយការខិតខំពង្រឹងស្មារតីដោយខ្លួនឯងគួបផ្សំបន្ថែមទៀត ក្នុងការថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងឆាប់បានវិលត្រលប់ទៅផ្ទះវិញ៕