(ភ្នំពេញ)៖ មហាសេដ្ឋីដ៏ល្បាញល្បីរបស់ចិន គឺលោក ជែក ម៉ា ស្ថាននិក និងជាអគ្គនាយកក្រុមហ៊ុនអនឡាញ Alibaba និងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជាដែរនោះបានជួប សំណេះសំណាលជាមួយគ្នានៅក្នុងទីក្រុងណាននីង ខេត្តខ្វាងស៊ី ប្រទេសចិន ទីកន្លែងរៀបចំតាំងពិព័រណ៍ចិន-អាស៊ាន លើកទី១៣។
ក្នុងជំនួបដ៏កម្ររវាងមហាសេដ្ឋីរបស់ចិន និងកម្ពុជានេះ មិនមានការបញ្ជាក់ថា ពួកគេបានពិភាក្សាទៅលើបញ្ហាអ្វីខ្លះ នោះឡើយ។ តែបើតាមរូបភាពដែលចែកចាយលើបណ្តាញ Facebook ក្រៅពីការសំណេះសំណាលជាមួយគ្នា មហាសេដ្ឋីទាំងពីររូបបានផ្លាស់ប្តូរនាមបណ្ណជាមួយគ្នាផងដែរ។
ជំនួបរវាងមហាសេដ្ឋី ដែលសុទ្ធតែជាអ្នកជោគជ័យក្នុងពិភពជំនួញនេះ ត្រូវបានគេមើលឃើញថា ជាជំនួបមួយដែលនឹងជួយ ត្រួសត្រាយផ្លូវ ដើម្បីពង្រីកជំនួញរវាងចិន និងកម្ពុជា ស្របតាមបំណងរបស់រដ្ឋាភិបាលប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា គិត ម៉េង ដែលមានតួនាទីជាប្រធានសភាពាណិជ្ជកម្មនៅកម្ពុជាផងដែរនោះបាននិងកំពុង អមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចូលរួមការតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន៕