(ព្រៃវែង)៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកកំចាយមារ បានអញ្ជើញជាអធិបតីប្រកាសសមាសភាពសមាជិកក្រុមការងារចំនួន៧១៥នាក់ នៅស្រុកកំចាយមារ ខេត្ពព្រៃវែង។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ស្តើង សុខុម បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំ សហការ សាមគ្គីរួមគ្នា ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ យកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី លះបង់ពេលវេលា និង ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស និងចូលរួមដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានកន្លងមក។
លោកបណ្ឌិតបានបញ្ជាក់អំពីគោលបំណង នៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន គឺដើម្បីសហការ និងជួយ សម្របសម្រួលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៨ នៅស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលនានា ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងចូលរួមគាំទ្រ ជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់ នានារបស់រាជរដ្ឋាភិបាលឱ្យបានផុលផុសតាមមូលដ្ឋាន រួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសឱ្យឈានចូលដំណាក់កាលថ្មី សំដៅឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្រុមការងារនេះមានគោលបំណងចូលរួមសហការដោះស្រាយកង្វល់ និងបញ្ហាប្រឈមនៅមូលដ្ឋានឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះប្រជាពលរដ្ឋ អនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។
ស្របពេលដែលមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងសម្ដែងការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីលើគម្រោងព្រែកជីកហ្វូណនតេជោ តំណាងឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានជួយឃុំទាំង៨ ស្រុកកំចាយមារ លោកបណ្ឌិតប្រធានក្រុមការងារក៏បានប្រកាសជាឱឡារិកគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោផងដែរ ជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមដ៏យូរអង្វែងរបស់កម្ពុជា។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលមានគំនិត ផ្តួចផ្តើម ដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នគម្រោងដ៏វិសេសនេះ នឹងត្រូវអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ដោយសារតែបច្ចុប្បន្នពិភពលោក រួមទាំងប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល EL NINO បានធ្វើឱ្យអាកាលធាតុឡើងកម្ដៅយ៉ាងខ្លាំង លោកបណ្ឌិតបានស្នើសុំឱ្យថ្នាក់ដឹកនាំជាក្រុមការងាររាជរដ្ឋរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ជាពិសេសមន្ត្រីរាជការនៅមូលដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកកំចាយមារ យកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសកុមារ និងមនុស្សចាស់ ដែលងាយប្រឈមទៅនឹងផលប៉ះពាល់ដោយបញ្ហាអាកាសធាតុប្រែប្រួលនេះ។
បន្ទាប់ពីពីសំណេះសំណាល លោកបណ្ឌិតប្រធានក្រុមការងារ និងក្រុមការងាររាជរដ្ឋាភិបាលបានរៀបចំអាហារ សាមគ្គីជូនសមាជិក សមាជិកាទាំងអស់ប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងបានឧបត្ថម្ភអង្ករចំនួន៨តោនដល់ឃុំទាំង៨ ដេីម្បីធ្វេីសកម្មភាពមនុស្សធម៌នៅទូទាំងស្រុកកំចាយមារផងដែរ៕