(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមការងារយុវជនគណបក្ស គណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុមសកម្មជនយុវជនគណបក្ស គណៈកម្មាធិការសាខាបក្ស សរុបទាំងអស់ប្រមាណ៥០០នាក់។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក លោកស្រី អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងលោកស្រី កុយ សុដានី ប្រធានក្រុមការងារយុវជនគណបក្សក្រសួងផងដែរ។
ពិធីនេះរៀបចំឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាពជាភាតរភាពប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានអនុសាសន៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំជាឥស្សរជនជាន់ខ្ពស់របស់គណៈកម្មាធិការគណបក្សក្រសួង និងយុវជនគណបក្សថ្នាក់កណ្តាលលើការពង្រឹងសតិអារម្មណ៍ ស្មារតីការងារ និងការពង្រឹងការកសាងកម្លាំង ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និង ឈានទៅសម្រេចបាននូវកម្មវិធីនយោបាយរបស់គណបក្សប្រកបដោយភាពជោគជ័យ។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកប្រធាន បានគូសបញ្ជាក់ពីសារសំខាន់នៃតួនាទីយុវជនបក្សក្នុងការរួមចំណែកដល់ការកសាងគណបក្សឱ្យបានរឹងមាំប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព និងបានណែនាំបន្ថែមដល់ក្រុមការងារយុវជនគណបក្សក្រសួង ជាពិសេសយុវជនគណបក្សក្រសួងទាំងអស់ឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការគ្នា ដែលជាកត្តាជ័យជម្នះ ធ្វើគំរូលើការអនុវត្តច្បាប់ សកម្មភាព សាមគ្គីភាព ជីវភាពរស់នៅសាមញ្ញ។
បន្ថែមពីលើនេះ លោកប្រធាន បានណែនាំឱ្យយុវជនគណបក្សស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួន និងចូលរួមការងារចុះពង្រឹងមូលដ្ឋានឱ្យបានជាប់លាប់តាមការចាត់តាំង ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន និងត្រូវរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់យុវជនគណបក្សក្រសួងទាំងអស់ឱ្យបន្តខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបានគោលដៅរួមបន្ថែមទៀតជូនគណបក្ស និងរាជរដ្ឋាភិបាល ដោយហេតុផល យុវជនជាកម្លាំងចលករមិនអាចខ្វះបានក្នុងការបន្តវេនសម្រាប់ធានាដល់ការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន និងអនាគត៕