(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តីចិន លោក ចាង កាវលី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាចំណែកមួយ ដ៏សំខាន់ក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យកាន់តែរីកចម្រើនក្នុងភាព ជាដៃគូយុទ្ធសាស្រ្ត។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីចិន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅទីក្រុង ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន នាល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ។

យោងតាមការចេញផ្សាយនៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបនោះ លោក ចាង កាវលី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាសាក្សីពិតក្នុងទំនាក់ទំនងអាស៊ាន-ចិន ពោលគឺសម្តេចតែងតែខិតខំ ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ឲ្យមានការរីកចម្រើនទៅមុខក្នុងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា អាស៊ាន-ចិន នឹងប្រើប្រាស់មូលនិធិខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់លោក ប្រធានាធិបតីចិន ស៊ី ជិនពីង ឲ្យកាន់តែតទួលបានជោគជ័យថែមទៀតសម្រាប់តំបន់។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ គឺជាខួប ២៥ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ចិន។ ប្រទេសចិន គឺជាទីមួយដែលមានទំហំ ពាណិជ្ជកម្ម និងការវិនិយោគច្រើនជាងគេនៅក្នុងតំបន់អាស៊ាន។

នៅឆ្នាំ២០១៥កន្លងទៅ ទំហំពាណិជ្ជកម្មអាស៊ាន-ចិនមានចំនួន ៣៤៦,៤ប៊ីលានដុល្លាអាមេរិក និងលំហូរវិនិយោគផ្ទាល់ពីចិន ទៅកាន់អាស៊ានមាន ៨,២ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលធ្វើឡើងនៅទីក្រុង វៀងច័ន្ទ ប្រទេសឡាវ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ អាស៊ាន-ចិន បានសន្យាប្រឹងប្រែងជំរុញទំហំវិនិយោគឲ្យដល់ ១៥០ប៊ីលានដុល្លារ និងទំហំពាណិជ្ជកម្មឲ្យដល់ ១ទ្រីលានដុល្លាអាមេរិកនៅឆ្នាំ២០២០៕