(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ គណៈទាក់ទងបរទេស និងជាប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ទៅកាន់ប្រទេសចិន​ នាថ្មីៗនេះ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង។

លោក លីវ ជានឆាវ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់ ដែលសមិទ្ធផលទាំងអស់នេះត្រូវបានបន្តពូនជ្រុំ និងពង្រឹងពង្រីកដោយថ្នាក់ដឹកនាំជំនាន់ថ្មីរបស់កម្ពុជា ក្រោមការដឹកនាំដ៏ក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោម ការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមលក្ខខណ្ឌ ជាតិរបស់កម្ពុជា និងក្នុងការដើរតួនាទីកាន់តែសំខាន់នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។

លោក សួស យ៉ារ៉ា បានលើកឡើងអំពីការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្តកិច្ចសហប្រតិបត្តិការ និងចំណុច ឯកភាពជាយុទ្ធសាស្ត្រសំខាន់ៗរវាងថ្នាក់ដឹកនាំនៃប្រទេស និងគណបក្សទាំងពីរ ដើម្បីលើកកម្ពស់ការបន្សំគ្នា រវាងយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា និងគំនិតផ្តួចផ្តើមនានារបស់ចិន ជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ភាគីទាំងពីរនឹងបន្តជំរុញការប្រាស្រ័យទាក់ទងគ្នា ការផ្លាស់ប្តូរទស្សនកិច្ច និងយុវជន និងការគាំទ្រគ្នា ទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ៕