(ភ្នំពេញ)៖ បន្ទាប់ពីប្រើជីវិតជាអ្នកដឹកនាំនាវាកម្ពុជាជិត៤០ឆ្នាំ ជាមួយជោគជ័យដ៏ធំធេងប្តូរផ្លាស់ប្រទេសពីគំនរផេះនៃភ្លើងសង្គ្រាម មកជាប្រទេសដ៏ផូរផង់ក្រោមកិច្ចអភិវឌ្ឍន៍ដ៏រីកចម្រើននោះ នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានភ្លក់រសជាតិជាអ្នកដឹកនាំក្រុមកីឡាករប្រយុទ្ធលើសមរភូមិវាលស្មៅ ដើម្បីបុព្វហេតុមនុស្សធម៌។
ជាមួយភារកិច្ចដឹកនាំកូនក្រុមប្រយុទ្ធលើសមរភូមិវាលស្មៅនេះ សម្តេចតេជោ ហ៊ុន សែន ទទួលតួនាទីជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars)។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន បានផ្តល់យុទ្ធសាស្ត្រមួយចំនួនទៅកាន់គ្រូបង្គោល ដែលជាអតីតកីឡាករជម្រើសជាតិរបស់កម្ពុជា គឺលោក ឈិន ឈឿន។ ក្រោមការដឹកនាំដោយផ្ទាល់ពីគ្រូបង្វឹកកិត្តិយស បានធ្វើឱ្យក្រុមបាល់ទាត់តារាកម្ពុជា យកឈ្នះក្រុមបាល់ទាត់ Kun Khmer All Stars ដោយលទ្ធផល ២ ទល់ ០។
ក្នុងពេលប្រកួតនោះ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន តែងបានពិភាក្សាជារឿយៗជាមួយលោក ឈិន ឈឿន ដែលជាគ្រូបង្គោល។ អ្នកស្នេហាវិស័យកីឡាបាល់ទាត់មួយចំនួនចង់ដឹងណាស់ថា តើសម្តេចតេជោ បានប្រើយុទ្ធសាស្ត្របែបណាខ្លះក្នុងការដណ្តើមជោគជ័យពីការប្រកួតនាថ្ងៃម្សិលមិញនេះ?
ក្រៅពីចូលចិត្តការវាយកូនគោល សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលចូលចិត្តកីឡាបាល់ទាត់ និងបាល់ទះផងដែរ។ សម្តេចតេជោ ធ្លាប់លេងទាំងបាល់ទាត់ និងបាល់ទះ ហើយក៏តែងតែតាមដានរាល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កម្រិតពិភពលោកដូចជា WORLD CUP និង EURO CUP ជាដើម។ តាមរយៈការចូលចិត្តវិស័យកីឡានេះ ធ្វើឱ្យសម្តេចតេជោ បានឈ្វេងយល់បានច្រើនពីការប្រកួតបាល់ទាត់។
ការដឹកនាំប្រកួតបាល់ទាត់ជាលើកដំបូង សម្តេចតេជោ ហ៊ុន សែន បានជ្រើសយកទម្រង់នៃការប្រកួតជូនកូនក្រុមរបស់សម្តេច គឺទម្រង់ ៣-៤-៣។ ទម្រង់នេះ មានន័យថា ការពារ៣ បម្រើ៤ (ស្លាបទាំងសងខាងក៏អាចចុះមកការពារបានដែរ) និងប្រយុទ្ធ៣។
គុណសម្បតិ្តរបស់ទម្រង់លេង ៣-៤-៣ គឺផ្តោតលើការបម្រើ និងប្រយុទ្ធជាសំខាន់។ ខ្សែការពារស្លាបទាំង២ មានតួនាទីសំខាន់ទាំង ក្នុងតំបន់ការពារ និងតំបន់បម្រើថែមទៀតផង។
ទម្រង់នេះ គ្រូដឹកនាំបាល់ទាត់ល្បីកម្រិងពិភពលោក ដូចជាលោក Antonio Conte កាលអំឡុងដឹកនាំ Chelsea និង Roberto Martinez ដឹកនាំក្រុមជម្រើសជាតិប៊ែលហ្សិក បានប្រើទម្រង់នេះយ៉ាងមានប្រសិទ្ធភាពបំផុតនៅលើទីលាន ដោយការបញ្ជូនបាល់មានចម្ងាយឆ្ងាយទៅតំបន់ទូលាយ។
បើតាមលោក ឈិន ឈឿន បានប្រាប់ Fresh News ឱ្យដឹងថា ក្នុងពេលប្រកួតនោះ សម្តេចតេជោ ហ៊ុន សែន បានប្រើយុទ្ធសាស្ត្របត់បែនជានិច្ចទៅលើស្ថានភាពប្រយុទ្ធលើទីលានដោយផ្អែកលើការលេងរបស់កូនក្រុម និងភាគីម្ខាងទៀត។
លោក ឈិន ឈឿន បានឱ្យដឹងថា យុទ្ធសាស្ត្រដែលសម្តេចបានប្រើលើទម្រង់ខាងលើនេះ មានប្រមាណជាង ៣ ទៅ៤យុទ្ធសាស្ត្រ។ ដំបូងឡើយសម្តេចតេជោ ប្រើយុទ្ធសាស្ត្រ៥នាទី ទៅ៧នាទីដំបូង ពេលកីឡាករពេញកម្លាំង ហើយដៃគូប្រកួតមិនទាន់ដឹងយុទ្ធសាស្ត្រ គឺត្រូវឆក់បាល់ឱ្យលឿន ដើម្បីទាត់បញ្ចូលទី។ តែយុទ្ធសាស្ត្រនេះ មិនទទួលបានជោគជ័យទេ ដោយសារល្បឿនដៃគូប្រកួតមានល្បឿនលឿន ដូច្នេះយុទ្ធសាស្ត្រត្រូវបានផ្អាក។
បន្ទាប់មកសម្តេចតេជោ បានផ្តល់យុទ្ធសាស្ត្រទី២ ពាក់ព័ន្ធនឹងការប្រយុទ្ធ។ ដោយមើលឃើញថា ស្លាបស្តាំរបស់គូប្រកួតមានភាពរឹងមាំ ដូច្នេះកីឡាករខេម មិនអាចមានលទ្ធភាពរកគ្រាប់បាល់នោះទេ។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យបើកការប្រយុទ្ធពីស្លាបខាងឆ្វេងរបស់គូប្រកួតវិញ។ ទីបំផុតការសម្រុកពីស្លាបខាងឆ្វេងក៏រកបានគ្រាប់បាល់មួយគ្រាប់។
សម្តេចតេជោ ក៏បានផ្តល់យុទ្ធសាស្ត្រឱ្យខ្សែប្រយុទ្ធខាងលើ គឺកីឡាករ ខេម និងសេង មង្គល ត្រូវសហការគ្នាក្នុងការប្រយុទ្ធ តែបាល់ត្រូវបោះឱ្យបានច្រើនទៅកីឡាករ សេង មង្គល បើកការទាត់ទៅកាន់ទី ដោយសារកីឡាករខេមធ្លាក់ជើង។ ដើម្បីគាំទ្រដល់ចលនាប្រយុទ្ធនេះ សម្តេចតេជោ ក៏បានណែនាំឱ្យរុញអ្នកមានល្បឿនលឿនមួយរូប ទៅជួយខេម ក្នុងការទទួលបាល់រុញទៅកីឡាករ សេង មង្គល។ ទីបំផុតយុទ្ធសាស្ត្រនេះ ក៏ជួយឱ្យ សេង មង្គល រកបានគ្រាប់បាល់ទី២។
ពេលការប្រកួតសល់២០នាទីចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យកីឡាករទម្លាក់ការប្រយុទ្ធ ដោយចុះមកការពារឱ្យបានច្រើន។ យុទ្ធសាស្ត្រនេះ សម្តេចតេជោ បានមើលឃើញថា ២០នាទីនេះ គូប្រកួតមិនអាចរកគ្រាប់បាល់រហូតដល់ទៅ២គ្រាប់នោះទេ បើអាច គឺរកបានត្រឹម១គ្រាប់ប៉ុណ្ណោះ ដូច្នេះក្រុមមិនចាញ់នោះទេ។ ទោះបីឈ្នះត្រឹមមួយគ្រាប់ក៏ល្អដែរ ព្រោះជាការប្រកួតមិត្តភាព។
លោក ឈិន ឈឿន បានឱ្យដឹងដែរថា សម្រាប់ទម្រង់លេងសម្តេចតេជោ ឱ្យរក្សាទម្រង់ ៣-៤-៣ រហូតដល់ចប់។ តែខ្សែបម្រើស្លាបរកអ្នកមានល្បឿនលឿន ដើម្បីចុះជួយការពារ និងឡើងប្រយុទ្ធបាន។
ក្នុងនាមជាអតីតកីឡាករជម្រើសជាតិមួយរូប លោក ឈិន ឈឿន បានបង្ហាញការកោតសរសើរចំពោះសម្តេចតេជោ ដែលមានការយល់ដឹងច្រើនលើការប្រកួតបាល់ទាត់ ទោះបីសម្តេចមិនធ្លាប់ជាកីឡាករអាជីព។
សូមបញ្ជាក់ថា ជំនួបរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា (Cambodia football Super Stars) និង ក្រុមបាល់ទាត់ Kun Khmer All Stars ក្រោមប្រធានបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងដើម្បីប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា មានអ្នកចូលរួមទស្សនារហូតដល់ទៅប្រមាណ ៣ម៉ឺននាក់។ ការអញ្ជើញដឹកនាំក្រុមដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើទីលានបានធ្វើឱ្យព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្នុងបុព្វហេតុមនុស្សធម៌ ទទួលបានការទាក់ទាញកាន់តែខ្លាំង និងមានបរិយាកាសកាន់តែសប្បាយរីករាយ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏បានក្លាយទៅជាព្រឹត្តិការណ៍បំបែកកំណត់ត្រា នៃព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នៅកម្ពុជា ដែលរៃអង្គាសថវិកាបានច្រើនបំផុតមិនធ្លាប់មាននោះឡើយ។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នេះ រៃអង្គាសថវិកាបានសរុបជាង ៥លានដុល្លារអាមេរិក។ ថវិកានេះ សម្តេចតេជោ បានជូនទៅមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលីជីវិតក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅកំពង់ស្ពឺ ២០គ្រួសារចំនួន២០ម៉ឺនដុល្លារ និងជាង ៤លានដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការប្រកួតនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេសបង្ហាញស្មារតីសាមគ្គីភាពក្នុង
ចំណោមជនរួមជាតិកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានអរគុណក្រុមបាល់ទាត់ទាំង៤ក្រុមដែលចូលរួមប្រកួត។ សម្តេចតេជោ ក៏បានអរគុណសិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបម្រើការងារទាំងអស់ ជាពិសេសសាលារាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់គ្រប់ប្រភេទ។
សម្តេចតេជោ ក៏បានអរគុណអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។ អរគុណសប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកា។
សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា លទ្ធផលចុងក្រោយនៃការប្រកួតនេះ គឺជីវិតសុខភាព និងស្នាមញញឹមរបស់កុមារ៕