(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្កោលទោសជនអនាមិកមួយចំនួន ដែលបានកាត់ត វីដេអូអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍ថ្ងៃកាត់ទោស លោក កឹម សុខា ដោយសារតែមានការភ្ជាប់នូវនិម្មិតសញ្ញា (Logo) គណបក្សរបស់លោក។ ប្រធានគណបក្សដ៏វ័យក្មេងមួយនេះ បានព្រមានថា លោកនឹងដាក់ពាក្យប្តឹងទៅតុលាការ បើសិនជា ជនអនាមិកទាំងនោះនៅតែបន្តធ្វើសកម្មភាព ល្មើសបែបនេះតទៅទៀត។
នៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ពេជ្រ ស្រស់ បានលើកឡើងថា «ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កាចំពោះអ្នកដែលបានយកនិមិត្តសញ្ញា (Logo) របស់គណបក្សយុវជនកម្ពុជាមកកាត់បញ្ចូលក្នុង Video មួយនេះ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគណបក្សយុវជនកម្ពុជា ដោយហេតុវាមិនមែន ជាសកម្មភាពរបស់ គណបក្សយុវជនកម្ពុជាឡើយ ក្នុងការកាត់យកនិមិត្តសញ្ញា ( Logo )របស់ គណបក្សយុវជនកម្ពុជាមកបញ្ចូលក្នុង Video មួយនេះ»។
នៅក្នុងវីដេអូនោះ គឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងស្រុកមួយ ប៉ុន្តែគេជឿថា ត្រូវជនអនាមិក បានយកទៅ កាត់តនិងបង្ហោះនៅលើទំព័រ Facebook មួយឈ្មោះ «ឆន្ទះ កូនខ្មែរ » កាលពីម្សិលមិញ។
ប្រធានគណបក្សយុវជនកម្ពុជា បានព្រមានឱ្យអ្នកកាត់ត និងអ្នកបង្ហោះវីដេអូនេះ ដកចេញជាបន្ទាន់ បើសិនមិនដូច្នោះទេ លោកនឹងប្តឹងទៅតុលាការហើយ។ លោកថា «បើសិនជាមិនដកចេញ នឹងមិនបញ្ឈប់នូវសកម្មភាពដែលយក Logo របស់គណបក្សយុវជនកម្ពុជា ក្នុង Video មួយនេះ ឬ Videoផ្សេងទៀតទេនោះ ខ្ញុំ ពេជ្រ ស្រស់ នឹងប្រើប្រាស់សិទ្ធិជាម្ចាស់ Logo ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីស្រាវជ្រាវរកជនល្មើស នាំមកផ្តាន្ទាទោសតាមផ្លូវច្បាប់ជាធរមាន»។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបើកសវនការជំនុំជម្រះលើរឿងក្តីពីបទ «បដិសេធក្នុងការចូលខ្លួន» របស់លោក កឹម សុខា ប្រធានស្តីទីរបស់គណបក្សសង្គោះជាតិ ហើយបានកាត់ទោសឱ្យ លោក កឹម សុខា ជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល។ ការកាត់ទោសនេះ ពុំមានវត្តមានរបស់មេធាវី ឬសាមីខ្លួន ចូលរួមទេ៕