(បាត់ដំបង)៖ កញ្ញា ធី សុវណ្ណថា ដែលបានប្រកាសឈប់គាំទ្រគណបក្សសង្រ្គោះជាតិ និងបានរិះគន់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិយ៉ាងចាស់ដៃ ក្រោយពីតុលាការផ្តន្ទាទោសរួចមក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ពលរដ្ឋ ១,៣០០នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង បានប្រកាសប្រាប់ កញ្ញា ធី សុវណ្ណថា ឲ្យដឹងថា ពួកគាត់ពលរដ្ឋទាំងគ្នាប្រមាណ ១,៣០០នាក់ ចង់ឃើញលោក កឹម សុខា ប្រឈមចំពោះមុខច្បាប់។
កញ្ញា ធី សុវណ្ណថា ធ្លាប់ជាអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានឲ្យដឹងថា «វេទិកា (ទី៣៤) ស្រុកកំរៀង ខេត្តបាត់ដំបង ពលរដ្ឋ ១,៣០០នាក់ ពលរដ្ឋថា៖ ចង់ឃើញលោក កឹម សុខា «កុំខ្លាំងបានតែសម្តី» ក្លាហានហានប្រឈមុខ រកខុស រកត្រូវ ចំពោះមុខច្បាប់»។
ជាការកត់សំគាល់ បន្ទាប់ពីតុលាការកាត់ទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល, នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ បានបង្ហោះសារដោយបាន រិះគន់ខ្លាំងមេដឹកនាំគណបក្សសង្រ្គោះជាតិយ៉ាងចាស់ដៃ ហើយបានលើកឡើងថា កញ្ញាខ្មាសគេណាស់ដែលធ្លាប់គាំទ្រគណបក្សសង្គ្រោះជាតិ ហើយថា កញ្ញាផ្ទាល់មិនគួរជឿមេដឹកនាំគណបក្សសង្រ្គោះជាតិទាំងពីររូប ដែលជាមេដឹកនាំចេះត្រឹមតែ សន្យាខ្យល់ លាបពណ៌ ល្មោភស្រី កំសាករត់ចោលរាស្រ្ត ញុះញង់បាតុកម្ម និងតែងសុំអន្តជាតិផ្តាច់ជំនួយបិទទីផ្សារពីកម្ពុជា។
កញ្ញា ធី សុវណ្ណថា នៅក្នុងរយៈពេលចុងក្រោយនេះ បានធ្វើដំណើររៀបចំវេទិកាសាធារណជាច្រើនកន្លែង នឹងនៅតាមបណ្តាខេត្តនានា ដោយទាញបានប្រជាប្រិយភាពជាច្រើន ពីបណ្តាបងប្អូនប្រជាពលរដ្ឋ។ គ្រប់ពេលដែលកញ្ញា ធី សុវណ្ណថា បានជួបជួបប្រជាពលរដ្ឋកន្លងមកឃើញថា មានប្រជាពលរដ្ឋភាគច្រើនបានបង្ហាញជំហរ មិនគាំទ្រ និងបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិទៀតឡើយ ដោយសារតែប្រជាពលរដ្ឋទាំងនោះអស់ជំនឿចិត្ត លើការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា៕