(ក្រចេះ)៖ លោក ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋាន
ស្ដារឡើងវិញបឹងកូនសត្វ នៅលើផ្ទៃដីចំនួន៥១ហិកតា ស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លង ខេត្តក្រចេះ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
ពិធីបើកការដ្ឋានខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។
លោក ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង៤ម៉ឺនដុល្លារ។
ក្នុងនោះដែរ លោកក៏បានចូលរួមចំណែកក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់១ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគ ក្នុងការងារជួយស្ដារបឹងកូនសត្វ ឲ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។
លោករដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូលក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។
ក្នុងនោះលោកក៏បានក្រើនរំលឹកដល់បងប្អូនប្រជាកសិករ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណាក់កាលរដូវក្តៅខ្លាំងនាពេលនេះ សូមថែទាំសុខភាពឲ្យបានល្អប្រសើរ ដើម្បីបញ្ជៀសពីជំងឺដង្កាត់ផ្សេងៗ៕