(សៀមរាប)៖ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនស្រ្តីម្នាក់ទៀត ដែលជាបក្ខពួករបស់ ឡេង ចាន់ណា ពាក់ព័ន្ធនឹងករណីឆបោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្ដសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មក បង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុម មានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
ការនាំខ្លួនជនត្រូវចោទ ឈ្មោះ រ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាង ព្រមទាំងបានសួរចម្លើយ ជនត្រូវចោទឈ្មោះ ឡេង ចាន់ណា រួចមក និងឃើញថា ជនត្រូវចោទឈ្មោះ រ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរនឹងធ្វើការសួរយកចម្លើយ ជនត្រូវចោទឈ្មោះ រ៉េត សុធីដា ទៅតាមនីតិវិធីច្បាប់ នាថ្ងៃស្អែក៕