(បាត់ដំបង)៖ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការដឹកជញ្ជូនខេត្តបាត់ដំបងលោក ខាន់ ម៉ាណេរ និងលោកស្រី នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ បានប្រគល់អំណោយមានអង្ករ ២តោន មី១០០កេស ទឹកត្រី ទឹកស៊ីអ៉ីវ ៤០៨ដប ដល់ក្រុមយុវជនសម្រាប់យកចែកជូនជនក្រីក្រជាច្រើនគ្រួសារក្នុងក្រុងបាត់ដំបង។
លោក ខាន់ ម៉ាណេរ បានថ្លែងថា នេះជាអំណោយផ្ទាល់ខ្លួនរបស់លោក និងភរិយា ដែលបានប្រគល់នាពេលនេះ ក្នុងឱកាសបុណ្យខួបកំណើតរបស់លោកផ្ទាល់គម្រប់ ៥៦ឆ្នាំឈានចូល ៥៧ឆ្នាំ និងជាការធ្វើបុណ្យដល់ជនក្រីក្រ ឥតទីពឹង ក្មេងកំព្រា ស្រ្តីមេម៉ាយ នៅតាមបណ្តាមភូមិនានា ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ សម្រាប់ក្នុងក្រុងបាត់ដំបងទាំងមូល។
លោក ខាន់ ម៉ាណេរ បានបន្តថា រយៈពេលកន្លងមកលោកតែងតែ ផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជនក្រីក្របានជាច្រើនគ្រួសារមកហើយ និងនៅតែបន្តចែកអំណោយមនុស្សធម៌នេះរហូតបន្ថែមទៀត។ អំណោយទាំងនេះ លោកបានប្រគល់ជូនក្រុមយុវជនស្ម័គ្រចិត្តដែលមានលោក ប៉ែន សារិយោ អភិបាលរងក្រុងបាត់ដំបងជាតំណាង ប្រគល់ ទទួល នៅក្នុងឱកាសនោះដែរ។
លោកបានផ្តាំផ្ញើដល់ក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ ធ្វើយ៉ាងណា បែកចែកអំណោយទាំងនេះបានដល់ដៃជនក្រីក្រពិតប្រាកដ និងចំគោលដៅ ដើម្បីជួយរំលែកនូវការខ្វះខាតរបស់ពួកគាត់។
ក្នុងកិច្ចប្រគល់ ទទួលអំណោយនេះ លោក ប៉ែន សារិយោ អភិបាលរងក្រុងបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត សប្បុរសធម៌ របស់លោកនិងលោកស្រី ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ចែរំលែកដល់ជនក្រីក្រទាំងអស់ និងសូមជូនពរដល់លោក និងលោកស្រីដែលជាម្ចាស់អំណោយ ស្របពេលខួបកំណើតគម្រប់ ៥៦ឆ្នាំនិងឈានចូល៥៧ឆ្នាំ និងសូមបួងសួងជូនលោកនិងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ អាយុយ៉ឺនយូរ សម្រេចភារកិច្ចបានជោគជ័យ គ្រប់ពេលវេលា៕