(បន្ទាយមានជ័យ)៖ ក្មេងទំនើង៣០នាក់ មានប្រុសស្រី និងមានម៉ូតូ៥គ្រឿង បានប្រមូលផ្តុំគ្នានៅតាមផ្លូវទីសាធារណៈ ត្រូវបានអាវុធហត្ថឃាត់ខ្លួនយកមកអប់រំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដាក់បទបញ្ជា យ៉ាងតឹងដល់អាវុធហត្ថទាំងអស់ ត្រូវចុះបង្ក្រាបឲ្យខានតែបានរាល់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន ក្នុងនោះមានក្មេងទំនើងផងដែរ។
លោកបានចាត់ឲ្យលោកអនុសេនីយ៍ឯក ម៉ែន ស៊ីដែន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចំនួន២០នាក់ ចុះល្បាតនៅតាមភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះឃើញក្មេងទំនើង ៣០នាក់ មានប្រុសស្រីកំពុងផ្តុំគ្នាយ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវជាតិនៅវេលាម៉ោង១យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រោយកាស៊ីណូ ពូលី ស្ថិតក្នុងភូមិក្បាលស្ពាន២។
កងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំ ក្នុងនោះបានធ្វើតេសទឹកនោមរកសាធាតុញៀន ជាលទ្ធផលពុំមានសារធាតុញៀនទាំងអស់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កម្លាំងបានអប់រំណែនាំ ធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅលំនៅដ្ឋានវិញ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយការណ៍រាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀនជាដើម។
លោកបានផ្ញើសារដល់យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រកុំប្រព្រឹត្តនូវអំពើដែលសង្គមស្អប់ខ្ពើម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕