(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំនៅកម្ពុជា និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ​(AUPP) បានប្រកាសនៅថ្ងៃសៅរ៍នេះថា​ AUPP នឹងផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមទាំងអស់ ដែលទទួលបាននិទ្ទេស A និង B ។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AUPP បានឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ ៤,៥០០ដុល្លារ ក្នុងមួយឆ្នាំសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្របួនឆ្នាំ។ ដោយឡែកសិស្សដែលទទួលបាននិទ្ទេស B នឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃ ៣,០០០ដុល្លារ រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រដូចគ្នា ។

ការផ្តល់អាហារូបករណ៍នេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់សិស្សានុសិស្ស ដើម្បីផ្តល់ឱកាសឱ្យពួកគេ ទទួលបាននូវការអប់រំប្រកបដោយគុណភាព ហើយសញ្ញាបត្រត្រូវបានទទួលស្គាល់ជាសាកល។

AUPP ត្រូវបានគេទទួលស្គាល់ថាជាគ្រឹះស្ថានឧត្តមសិក្សាលេចធ្លោរជាងគេនៅកម្ពុជា ទាំងគុណភាព និ​ងស្តង់ដារ អន្តរជាតិ។ រហូតដល់ពេលនេះ AUPP បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យធំៗចំនួនពីរនៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees) ។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ឬសាកលវិទ្យាល័យរដ្ឋហ្វតហេយ (Fort Hays State University) បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP។

សម្រាប់ព័ត៌មានលម្អិត ចំពោះការផ្តល់អាហារូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦​ ៦៣១/ ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh​