(ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំខេត្តក្វាងស៊ី បន្តជំរុញអ្នកវិនិយោគពីខេត្តក្វាងស៊ី ទៅបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានចំនួនច្រើនឡើងថែមទៀត ពិសេសខិតខំធ្វើយ៉ាងណាជំរុញកំណើន នៃទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី ឲ្យកាន់តែមានទំហំធំឡើងថែមទៀត។

សម្តេចតេជោ បានបន្តឲ្យដឹងថា នៅលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី កម្ពុជាបានបង្កើតស្ថានអគ្គកុងស៊ុល នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៥ និងរហូតដល់ពេនេះ ទំហំវិនិយោគរវាងកម្ពុជា​ និងខេត្តក្វាងស៊ី កើនឡើងដល់៥៨លានដុល្លារ។

ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើងខណៈ សម្តេចតេជោបានជួបពិភាក្សាការងារជាមួយ លោក ផឹង ឈីវហ៊ (Prng Quighua) លេខាធិការ គណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី។

នៅក្នុងជំនួបពិភាក្សាដដែលនោះ ភាគីទាំងពីរក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងខេត្តក្វាងស៊ី។ ក្វាង ស៊ី និងកម្ពុជាពិភាក្សាគ្នាក្នុងការជំរុញវិស័យ​អប់រំ និងវប្បធម៌។

ជាការឆ្លើយតប លោក ផឹង ឈីវហ៊ លេខាបក្សខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួម ក្នុងពិព័រណ៌ចិន អាស៊ានលើកទី១៣នៅទីក្រុងណាន នីងខេត្តក្វាងស៊ី និងបានចាត់ទុកថា សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាមេដឹកនាំ អាស៊ានដ៏សកម្មម្នាក់ ដែលបានអញ្ជើញមក ចូលរួមពិព័រណ៌ចិន អាស៊ាន ចំនួន៩លើកជាប់ៗគ្នា ក្នុងចំណោមការរៀបចំ ពិព័រណ៌ចិន អាស៊ាន នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន។ លោក ផឹង ឈីវហ៊ ក៏បានចាត់ទុកថា សម្តេចតេជោ គឺជាមិត្តដ៏ល្អ មិត្តជាទីទុកចិត្ត របស់ប្រទេសនិងប្រជាជនចិន ពិសេសប្រជាពលរដ្ឋខេត្តក្វាងស៊ីប្រមាណ ជាង៥០លាននាក់។

ក្រោយពីជំនួបពិភាក្សា រវាងសម្តេចតេជោ នាយករដ្ឋមន្រ្តី និង លោក ផឹង ឈីវហ៊ (Prng Quighua ) រួចមក ​លោក ផឹង ឈីវហ៊ (Prng Quighua) ក៍បានរៀបចំពិធី លៀងសាយភោជន៍ជូនដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ដោភាពស្និទ្ធស្នាលផងដែរ៕