(ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចបានបង្កើត «កម្លាំងអន្ដរាគមន៍ពិសេស» មួយដើម្បីអនុវត្តតាមបទបញ្ជាដោយត្រង់របស់សម្ដេច និងដោះស្រាយបញ្ចប់រាល់បញ្ហាទាំងឡាយ ដែលនៅរាំងស្ទះដោះស្រាយមិនចេញ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា «កម្លាំងអន្ដរាគមន៍ពិសេស» នេះ ត្រូវបានបង្កើតឡើងបន្ថែមលើយន្ដការដែលមានស្រាប់ គឺកិច្ចការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហា ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ដ្រី។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យន្ដការដែលមានស្រាប់កន្លងមកនេះ ពោលប៉ុន្មានខែក្រោយសម្ដេចកាន់តំណែងជានាយករដ្ឋមន្ដ្រី បញ្ហាមួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ពោលនៅសល់តែបន្ដិចបន្ទួចប៉ុណ្ណោះ។ បញ្ហាដែលនៅសេសសល់សម្ដេចត្រូវបញ្ជា កម្លាំងអន្ដរាគមន៍ពិសេសនេះ ដើម្បីចុះដោះស្រាយ ហើយរាយការណ៍ត្រង់មកសម្ដេចតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបង្កើតយន្ដការមួយគេហៅ [កម្លាំងអន្ដរាគមន៍ពិសេស] បើគម្រោងណា ផែនការណា បទបញ្ជាណាដែលដាក់ទៅ នៅមិនទាន់ដាច់ស្រេច ឬមួយនៅស្ទះ ហើយសម្របសម្រួលស្ថាប័នហើយនៅខ្វះ គឺនៅបញ្ជូនក្រុមការងារអន្ដរាគមន៍របស់នាយករដ្ឋមន្ដ្រី ចុះទៅជួយសម្របសម្រួលឲ្យដាច់តែម្ដង»

ត្រង់ចំណុចនេះ សម្ដេចធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យន្ដការ ឬកម្លាំងអន្ដរាគមន៍ពិសេសនេះ មិនមែនដោះស្រាយជំនួសបណ្ដាក្រសួង ស្ថាប័ននោះទេ ពោលគ្រាន់តែជួយទម្លុះរាល់បញ្ហាណាដែលជាប់គាំងដោះស្រាយមិនចេញតែប៉ុណ្ណោះ។

ភ្ជាប់ជាមួយក្រុមការងារអន្ដរាគមន៍ពិសេសនេះ, សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រើមិនអស់សក្តានុពលនៅឡើយនោះទេ ហើយកន្លងទៅសម្ដេចធ្លាប់បានជំរុញឲ្យរៀបចំប្រព័ន្ធប្រទាក់ក្រឡាជាមួយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ដើម្បីប្រើប្រាស់ឲ្យអស់សក្ដានុពល។

ប៉ុន្ដែសល់បញ្ហាមួយដែលមិនទាន់បានដោះស្រាយបញ្ចប់នោះ គឺជំរុញឲ្យរៀបចំកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ជាតំបន់ Transitman តែមិនទាន់បានជោគជ័យ ដោយសារជាក់ព័ន្ធនីតិវិធីគយមួយចំនួន ដោះស្រាយមិនទាន់ចេញ។ ក្នុងន័យនេះ សម្ដេចបានណែនាំឲ្យ «កម្លាំងអន្ដរាគមន៍ពិសេស» នេះ ធ្វើការជាមួយគយ ផែស្វយ័តក្រុងព្រះសីហនុ ជាមួយក្រសួងសាធារណៈការ ស្ថាប័នពាក់ព័ន្ធហើយរាយការណ៍ត្រង់មកសម្ដេចតែម្ដង ដើម្បីឈានទៅបញ្ចប់រាល់បញ្ហាដែលនៅសេសសល់ទាំងឡាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បញ្ហាដែលនៅសេសសល់ សម្ដេចមិនចង់និយាយច្រើនដងនោះទេ ពោលចង់ឲ្យតែការងារត្រូវដោះស្រាយបញ្ចប់លឿនតែម្ដង៕