(កណ្តាល)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកស្រី ឃួន សុដារី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាតំណាងឲ្យប្រជាពលរដ្ឋរងគ្រោះ ចំនួន ១៧ខ្នងផ្ទះ ដែលទទួលរងគ្រោះដោយបាក់ដីច្រាំងទន្លេមេគង្គ រស់នៅភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឲ្យ ក្រុមការងារ ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង តង់កៅស៊ូ ១ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០០,០០០រៀល ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះនីមួយៗ ដើម្បីជួយសម្រាលការលំបាកបណ្តោះអាសន្នមួយគ្រា។
លោកស្រីតំណាងរាស្ត្រ បានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលមានក្តីសណ្តោសប្រណី ចំពោះជនរងគ្រោះគ្រប់ប្រភេទ គ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ជាក់ស្តែងសម្តេចបានចាត់ឲ្យក្រុមការងារចុះជួយ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភ្លាមៗ ក្រោយពេលកើតហេតុនេះឡើង។ ទន្ទឹមនឹងនោះ លោកស្រី ឃួន សុដារី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅជាប់មាត់ទន្លេ គួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ គ្រោះមហន្តរាយធម្មជាតិកើតឡើងដូចជា បាកច្រាំងដោយ ទឹកជំនន់ជាដើម។
ដើម្បីលើកទឹកចិត្ត និងអរគុណដល់ក្រុមយុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ចំនួន ៦៧នាក់ និងអាជ្ញាធរមូលដ្ឋាន ១៧នាក់ ដែលបានមកចូលរួមជួយជញ្ជូនសម្ភារពីផ្ទះប្រជាពលរដ្ឋរងគ្រោះ ត្រូវបានឧបត្ថម្ភក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល។ ដោយឡែក ចាស់ៗ ១៣នាក់ ដែលនៅក្បែរនោះក៏ទទួលបានថវិកាក្នុងម្នាក់ៗ ២,០០០០រៀល និងឃីតមួយ(មុងភួយ សារុង និងក្រមា) ផងដែរ។
គួររំលឹកថា ហេតុការណ៍បាក់ច្រាំងទន្លេមេគង្គនៅ ភូមិ ពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានកើតឡើងកាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ទី០៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលបានធ្វើឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ចំនួន ១៧ខ្នងផ្ទះ៕