(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សាជាថ្មីថា គម្រោងព្រែកជីកហ្វូណន-តេជោត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ ទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវគម្រោងព្រែកជីកនេះ។

ការបញ្ជាក់នេះធ្វើឡើងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ចំពោះព្រែកជីកហ្វូណន-តេជោ ដាច់ខាតត្រូវតែធ្វើឱ្យបាន ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទី១រាជរដ្ឋាភិបាលអត់មានគម្រោងដើម្បីរៃអង្គាសពីបងប្អូនទេ មានបងប្អូនខ្លះចង់បង្កើតកុងដើម្បីទទួលយកថវិកាពីប្រជាពលរដ្ឋ អ្នកខ្លះគាត់ចង់បរិច្ចាគ»

សម្ដេចធិបតីបានបន្តថា មិនសំខាន់រឿងលុយចូលបរិច្ចាគប៉ុន្មាននោះទេ សំខាន់រឿងទឹកចិត្តរបស់ប្រជាពលរដ្ឋ ហើយសម្ដេចឃើញសន្ទុះទឹកចិត្តប្រជាពលរដ្ឋធំធេងណាស់ក្នុងការគាំទ្រចំពោះគម្រោងព្រែកជីកនេះ។

ម្សិលមិញ សម្ដេចធិបតីបានជួបអ្នកវិភាគម្នាក់ អ្នកវិភាគនោះថាមិនដែនឃើញគម្រោងណាមួយមានចលនាជាតិនិយមនៅពីក្រោយខ្លាំងជាងគម្រោងព្រែកជីកហ្វូណន-តេជោនេះនោះទេ។ ម្យ៉ាងទៀត អ្នកដែលមាននិន្នាការផ្សេងពីរាជរដ្ឋាភិបាល ក៏គេចេញមកគាំទ្រ ព្រោះយល់ពីផលប្រយោជន៍ជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រុមមួយនៅអាមេរិកដែលបដិសេធគម្រោងព្រែកជីកនេះ គឺដើរក្រឡាខុសហើយ ខណៈប្រជាពលរដ្ឋទូទាំងប្រទេសរាប់លាននាក់បានយល់ពីតម្លៃមួយនេះ ហើយបានផ្ដល់ការគាំទ្រយ៉ាងផុសផុល។

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអាណត្តិទី៦ បានផ្ដួចផ្ដើមឱ្យមានគម្រោងនេះ ដូច្នេះរាជរដ្ឋាភិបាលអាណត្តិទី៧នេះត្រូវតែអនុវត្តគម្រោងនេះឱ្យបាន។

សម្ដេចបានគូសបញ្ជាក់ថា នេះជាគម្រោង BOT រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនដែរ ពោលគឺក្រុមហ៊ុនឯកជនមានថវិកាធ្វើគម្រោងទាំងនេះ ហើយរាជរដ្ឋាភិបាលអនុញ្ញាតសិទ្ធិឱ្យកាន់កាប់ប៉ុន្មានឆ្នាំ ដល់ឆ្នាំកំណត់គឺនឹងផ្ទេរមកឱ្យរាជរដ្ឋាភិបាលវិញ។ ប៉ុន្តែទោះបីក្រុមហ៊ុនវិនិយោគរកលុយធ្វើមិនបានគ្រប់ ក៏កម្ពុជាត្រូវតែធ្វើឱ្យបាននូវព្រែកជីកនេះ។

សម្ដេច ហ៊ុន ម៉ាណែត បានជំរុញទៅកាន់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើយ៉ាងណាចាប់អនុវត្តគម្រោងនេះនៅឆ្នាំ២០២៤នេះ ឬឆ្នាំ២០២៥យ៉ាងយូរ ខណៈនៅក្នុងខែកក្កដា ឬខែសីហា ឆ្នាំ២០២៤ កម្ពុជានឹងចុះកិច្ចព្រមព្រៀងសម្បទានមួយជាមួយក្រុមហ៊ុនឯកជន។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដាំទៅក្រុមប្រឆាំងក្រៅស្រុកថា អ្នកដែលចង់បង្កើតចលនាប្រឆាំង គឺធ្វើមិនជោគជ័យទេ ព្រោះនេះជាការប្រឆាំងនឹងប្រជាជនខ្មែរ ប្រឆាំងផលប្រយោជន៍ជាតិ។

គួរជម្រាបថា គម្រោងព្រែកជីកហ្វ៊ូណន-តេជោ ដែលតភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង​ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ។ ពោលព្រែកជីកនេះជាចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅថ្នាក់តំបន់និងពិភពលោក ព្រមទាំង​អាចជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋកម្ពុជា​ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូនក សិផលនានាពីតាមបណ្តា​ខេត្តឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម។

គម្រោងព្រែកជីកនេះដែរគឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​សរុបប្រមាណ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទុន​ប្រមាណ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់ដោយប្រើពេលវេលា២៦ខែ។ គម្រោងនេះត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជីកព្រែកជីកហ្វ៊ូណន-តេជោ ដើម្បី​បម្រើប្រយោជន៍ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក​រវាងទន្លេ និងសមុទ្ររបស់កម្ពុជា៕