(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ជូនដល់ប្រធានសមាជិកផ្នែកប្រតិបត្តិការ និងមន្ត្រីបច្ចេកទេសនៃលេធិការដ្ឋានរៀបចំការបោះឆ្នោតទាំង២៥រាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ នៅទីស្តីការ គ.ជ.ប ដោយមានអ្នកចូលរួមសរុបជាង១០០នាក់ ដែលរាប់បញ្ចូលទាំងមន្ត្រីនៃទីស្តីការ គ.ជ.ប ផងដែរ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងរំលឹកបន្ថែមដល់ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ឬហៅកាត់ថា ប្រធាន លធ.ខប មន្ត្រីជំនាញនៃ លធ.ខប អំពីគោលការណ៍សំខាន់ៗនៃការស្រង់ស្ថិតិប្រជាពលរដ្ឋ ការបំពេញទិន្នន័យក្នុងតារាងការប្រើប្រាស់កម្មវិធី គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងប្រតិទិនការងារ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្ត និងបន្តផ្សព្វផ្សាយ សម្របសម្រួល ព្រមទាំងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមេភូមិ ដែលជាប្រតិបត្តិកអនុវត្តជាក់ស្តែងនៅតាមភូមិ ឃុំ សង្កាត់។

អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ តាមរយៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ ដូច្នេះដើម្បីសម្រេចបានការងារនេះ គ.ជ.ប ត្រូវអនុវត្តការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅតាមភូមិ ឃុំ សង្កាត់ មុនដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ក្នុងក្របខណ្ឌនៃការកែទម្រង់ការបោះឆ្នោត គ.ជ.ប បានផ្តួចផ្តើមធ្វើទំនើបកម្មដំណើរការបោះឆ្នោត ដោយចាប់ផ្តើមដំបូង គឺការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រនៅក្នុងឆ្នាំ២០១៦។ ក្នុងស្មារតីនេះ គ.ជ.ប បាននិងកំពុងបន្តធ្វើទំនើបកម្មដំណើរការបោះឆ្នោតជាបន្តបន្ទាប់ទៅតាមដំណាក់កាល ហើយការបង្កើតកម្មវិធីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ គ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោតនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃកំណែទម្រង់ និងការធ្វើទំនើបកម្មការបោះឆ្នោតរបស់ គ.ជ.ប សំដៅកំណត់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងស្ថិតិប៉ាន់ស្មានអ្នកអាចមកចុះឈ្មោះបោះឆ្នោតបានកាន់តែមានភាពសុក្រឹតឡើង។

សូមបញ្ជាក់ថា ដំណើរការស្រង់ស្ថិតិប្រជាពលរដ្ឋ មានគោលបំណងប្រមូលចំនួនប្រជាពលរដ្ឋរួមដែលមានសិទ្ធិបោះឆ្នោត ចំនួនអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ចំនួនអ្នកទើបគ្រប់អាយុចុះឈ្មោះបោះឆ្នោត ចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់ចំនួនទីតាំងការិយាល័យបោះឆ្នោត និងការិយាល័យចុះឈ្មោះបោះឆ្នោត ព្រមទាំងកំណត់និងប៉ាន់ស្មានចំនួនអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតទាំងអស់ ចំនួនអ្នកដែលអាចមកសុំចុះឈ្មោះបោះឆ្នោតតាមឆ្នាំនីមួយៗក្នុងអំឡុងពេលនៃការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់៕