(ដាកា)៖ មនុស្សយ៉ាងហោច២០នាក់ បានបាត់បង់ជីវិត និង៧០នាក់ទៀត បានរងរបួស បន្ទាប់ពីអាងស្តុកទឹកក្តៅមួយបានផ្ទុះឡើង បង្កើតជាអគ្គីភ័យដ៏សន្ធោសន្ធៅនៅឯរោងចក្រ វេចខ្ចប់ទំនិញមួយកន្លែង នៅក្បែររដ្ឋធានី ដាកា (Dhaka) នៃប្រទេសបង់ក្លាដែស នៅព្រឹកថ្ងៃសៅរ៍។ នេះបើតាមការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦។
សមត្ថកិច្ចក្រុងដាកា បានធ្វើការសន្និដ្ឋានថា ដំបូងឡើយគឺមានការផ្ទុះឆេះ នៅក្នុងបន្ទប់នៃ អាងស្តុកទឹកក្តៅ ទើបបណ្តាលឲ្យកើតមានជាអគ្គីភ័យយ៉ាងដូច្នេះ ក្នុងរោងចក្រ TEMPAC វេលាម៉ោង ៦៖០០នាទីព្រឹក (ម៉ោងក្នុងរដ្ឋធានីដាកា) នៅថ្ងៃសៅរ៍នេះ។
សមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានឲ្យដឹងទៀតថា យ៉ាងហោចណាស់សាកសព មនុស្សចំនួន១០នាក់ ត្រូវបានគេរកឃើញមិនយូរប៉ុន្មាននៅក្រោយការផ្ទុះបាន កើតឡើង និងប្រមាណជិត៧០នាក់ទៀត បានរងរបួសដោយសារអគ្គីភ័យហើយអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនមន្ទីរពេទ្យជាបន្ទាន់។
សមត្ថកិច្ចដដែលបានសម្តែងការព្រួយបារម្ភថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើង ខណៈដែលជនរងគ្រោះជាច្រើនស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរជាខ្លាំង។ ក្រោយពីការខិតខំប្រឹងប្រែង អស់រយៈពេលជាច្រើនម៉ោង អ្នកពន្លត់អគ្គីភ័យចំនួនជាង២០នាក់ បានពន្លត់អគ្គីភ័យនេះ ដោយជោគជ័យ នៅប្រហែលម៉ោង ១១៖៣៥នាទីព្រឹក (ម៉ោងនៅរដ្ឋធានីដាកា)។
ជាមួយគ្នានេះដែរ អ្នកធ្វើការមួយចំនួននៅក្នុងរោងចក្រកើតហេតុ ត្រូវបានគេព្រួយបារម្ភថា អាចនឹងនៅជាប់ ក្នុងគំនរបាក់បែកនៃអាគាររោងចក្រដែលបានឆាបឆេះនេះនៅឡើយ៕