(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

កិច្ចសំណេះសំណាលនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងក្រោមប្រធានបទ «សហគ្រាស​មួយ​ជា​សហគមន៍សុខសាន្តមួយ»។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាបណ្តាញសរសៃឈាមនៃការដឹកជញ្ជូនដ៏សំខាន់មួយ​របស់​កម្ពុជា។ កំពង់ផែនេះជាច្រកដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម​អន្តរជាតិសម្រាប់​កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ក្នុងពេលនៅកាន់តួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​តេជោបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះកំពង់ផែក្នុងព្រះសីហនុនេះ។ សម្តេចតេជោ បានជ្រើសយកថ្ងៃទី១ ខែឧសភា រៀងរាល់ឆ្នាំចុះមកសំណេះសំណាល និងសួរសុខទុក្ខ​មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលបម្រើការងារនៅកំពង់ផែស្វយ័តនេះ។

មកដល់រាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នៅតែបន្ត​ការ​​យកចិត្តទុកដាក់ចំពោះកំពង់ផែនេះ ហើយបន្តបេសកកម្មសម្តេចតេជោ ហ៊ុន សែន ដោយចុះមកសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត នៅក្នុងកំពង់ផែនេះផងដែរ។ តាមរយៈការចុះសំណេះសំណាលរបស់សម្តេចធិបតី បង្ហាញឱ្យឃើញថា សម្តេចធិបតី បន្តស្មារតីសម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានសាងសង់ឡើង និងធ្វើប្រតិ​បត្តិ​ការ​អាជីវកម្មដំបូងនៅឆ្នាំ១៩៥៦ និងបានចាប់ផ្ដើមបន្តប្រតិបត្តិការអាជីវកម្មជាថ្មីឡើងវិញ​ក្រោយឆ្នាំ១៩៧៩ ដោយប្រតិបត្តិការអាជីវកម្មនៅពេលនោះផ្តើមចេញ​ពីទ្រង់​ទ្រាយតូច តាមរយៈការប្រើប្រាស់កម្លាំងកម្មករ សម្ភារបរិក្ខារ ធនធានមនុស្សផ្ទាល់ និងមធ្យោបាយ​គ្រឿង​ចក្រធម្មតា ដើម្បីធ្វើការលើកដាក់ទំនិញ កុងតឺន័រ និងបម្រើឱ្យការដឹកជញ្ជូន​របស់​ខ្លួន។

ក្រោយមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន អភិវឌ្ឍសមត្ថភាព តាមរយៈការប្រែ​ក្លាយ​មធ្យោ​បាយដឹកជញ្ជូនពីទំនិញវេចខ្ចប់ ទៅជាទំនិញកុងតឺន័រ និងបានសាងសង់​ចំណត​ផែ​ផ្ទុក​កុងតឺន័របន្ថែមនៅក្នុងឆ្នាំ២០០២ និងការសាងសង់ពង្រីក ចំណតផែថ្មីៗជាបន្តបន្ទាប់​បន្ថែម​ទៀត ដើម្បីចូលរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេស​ជាតិ។

បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុប​ចំនួន ១,៣៥៥នាក់ (ស្ត្រី ១៣១នាក់)។ កាលពីឆ្នាំ២០២៣កន្លងទៅនេះ កំពង់​ផែ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែសរុបមានជិត ៨០ម៉ឺនTEUs កើន ឡើង ៦,៣៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងចំណូល​អាជីវកម្មសរុបជាង ៩៥លានដុល្លារអាម៉េរិក កើនឡើង ៥,៤២%។

ជាមួយគ្នានេះ ចំនួននាវាឆ្លងកាត់កំពង់ផែមានចំនួន ១,៥០៦គ្រឿង កើនឡើង ៤,៤៤​ភាគ​រយ និងចំណុះផ្ទុកនាវា មានរហូតដល់ជាង ១៩លានតោន ដែលមានកំណើនខ្ពស់​រហូតដល់ ៣៥,៤២ភាគរយ។ បើគិតក្នុងរយៈពេល ១៤សប្តាហ៍ឆ្នាំ២០២៤ បរិមាណ​កុង​​តឺន័រ​ឆ្លងកាត់មានចំនួនប្រមាណ ២៤ម៉ឺនTEUs កើនឡើង ២៣,៤៨ភាគរយ ធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកបដោយភាព​រឹង​មាំ​សម្រាប់ឆ្នាំ២០២៤។

ជាងនេះទៀត កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងអភិវឌ្ឍ និងពង្រីកសមត្ថ​ភាពរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រួមមាន៖ ការសាងសង់ផែកុងតឺន័រជម្រៅទឹក ១១,៥ម៉ែត្រ, ការសាងសង់ចំណតផែពហុបំណង ជម្រៅ​ទឹក ១៣,៥ម៉ែត្រ, ការសាងសង់ចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ​សម្រាប់ការ​រុក​រក​ប្រេង, ការបំពាក់ឧបករណ៍ និងមធ្យោបាយលើកដាក់កុងតឺន័រ, ការសាងសង់ទីលានស្តុក​កុង​តឺន័រ ឃ្លាំងទំនិញ ចំណតរថយន្ត ដឹកកុងតឺន័រ ចំណតផែច្រាំងទំនិញទូទៅ ការសាង​សង់​តំបន់​សេដ្ឋ​កិច្ចពិសេស។ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏បានរៀបចំពិធីបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រទឹក​ជ្រៅ​ថ្មីជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ ម៉ែត្រ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ ចំណតផែថ្មីជំហានទី១នេះ មានសមត្ថភាពអាច​អនុញ្ញាតឱ្យនាវាប្រមាណជាង ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុង​ព្រះ​សីហនុ ដែលបច្ចុប្បន្នមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះអាចចូលចតបាន។ គម្រោងនេះ​នឹង​បញ្ចប់​ការសាងសង់នៅក្នុងអំឡុងឆ្នាំ២០២៦។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏​គ្រោងនឹងពង្រីកសមត្ថភាពបន្ថែមទៀត តាមរយៈគម្រោងសាងសង់ចំណតផែកុង​តឺន័រទឹក​ជ្រៅថ្មីជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ និងចំណតផែកុងតឺន័រ​ទឹក​ជ្រៅថ្មីជំហានទី៣ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ រួមជាមួយនឹង​គម្រោង​បំពាក់ឧបករណ៍បច្ចេកទេសទំនើបៗផ្សេងៗ ដើម្បីគាំទ្រដល់ប្រតិបត្តិការ​របស់​កំពង់​ផែឱ្យកាន់តែមានប្រសិទ្ធភាពប្រកបដោយស្តង់ដារខ្ពស់៕