(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា រងនូវភាពអយុត្តិធម៌ពីរបាយការណ៍អង្គការអន្តរជាតិមួយចំនួន ដែលចេញទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន កម្ពុជាចាំបាច់ ត្រូវបានរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបង្ហាញស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន។

ការលើកឡើងរបស់ លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពធ្វើសន្និសីទសារព័ត៌មានប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា សម្រាប់របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ដែលផ្សព្វផ្សាយលើកដំបូង របស់ក្រសួងព័ត៌មាន គឺបានឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋាននៃអ្នកសារព័ត៌មានទាំងអស់។ នេះជារបាយការណ៍ដែលឆ្លុះបញ្ចាំងទៅគ្រប់និន្នាការអ្នកសារព័ត៌មាន ដែលបានបំពេញការងារនៅក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ព្រោះការអត្ថាធិប្បាយ របស់អង្គការផ្សេងៗនេះជាសិទ្ធិរបស់គាត់ ខ្ញុំលើកឧទាហរណ៍អ្នកយកព័ត៌មានគ្មានព្រំដែន គាត់ក៏មានបញ្ហាខ្លួនគាត់នៅក្នុងប្រទេសបារាំងដូចគ្នា ដូច្នេះការដែលមិនទាន់លាងខ្លួនឯងស្អាត ហើយមកចោទប្រកាន់ទៅលើបណ្តាប្រទេសផ្សេងទៅតាមសំណេររបស់ខ្លួន ឬតាមការវាយតម្លៃតាមអារម្មណ៍ ឬតាមរបៀបវារៈ និន្នាការរបស់ខ្លួន ខ្ញុំយល់ថាវាមិនមែនជាភាពត្រឹមត្រូវនោះទេ។ ដោយសារតែប្រទេសកម្ពុជា រង់នូវភាពអយុត្តិធម៌ពីរបាយការណ៍អង្គការអន្តរជាតិមួយចំនួន ដែលចេញទាក់ទងទៅនឹងសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននេះហើយដែលចាំបាច់ដែលកម្ពុជា ត្រូវបានរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់»។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា អ្នកសារព័ត៌មាន ដែលផ្តល់មតិយោបល់ គឺជាអ្នកដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាតែម្តង ហើយបានយល់ដឹងថាតើស្ថានភាពនៅកម្ពុជា បច្ចុប្បន្នយ៉ាងដូម្តេច? នេះជាការវាយតម្លៃដោយខ្លួនឯង ដោយមិនមែនអ្នកដែលអង្គុយនៅការិយាល័យ ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ មកអង្គុយវាយតម្លៃស្ថានភាពសារព័ត៌មាន របស់ប្រទេសកម្ពុជា និងសេរីភាពនៃការបញ្ចេញមតិនៅប្រទេសកម្ពុជាទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន និងតំណាងប្រព័ន្ធផ្សព្វផ្សាយនាឱកាសនោះលោក នេត្រ ភក្ត្រា បានលើកឡើងអំពីសារៈសំខាន់ដែលក្រសួងព័ត៌មានបានសិក្សា និងចងក្រងរបាយការណ៍នេះឡើង គឺក្នុងគោលបំណងបង្ហាញពីលំហសិទ្ធិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាដើម្បីបង្ហាញពីតួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាន។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដោយគូសបញ្ជាក់ថាការសិក្សាស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននេះត្រូវបានរៀបចំធ្វើឡើងដោយកម្ពុជាខ្លួនឯងផ្ទាល់ ដែលជាសក្ខីភាពមួយបង្ហាញភាពជាម្ចាស់របស់កម្ពុជាលើវិស័យព័ត៌មាន និងការផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យនេះជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានពូនជ្រុំនូវរាល់សមិទ្ធផល និងស្នាដៃដឹកនាំក្នុងអាណត្តិមុនៗសម្រាប់វិស័យ ព័ត៌មានរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជា
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ផ្អែកលើលទ្ធផលនៃការសិក្សាដដែលនេះ អ្នកសារព័ត៌មានចំនួន ៩៥% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិទាំងអស់ បានឯកភាពថាភាពសម្បូណ៌បែបនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបច្ចុប្បន្ន គឺជាការចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ខណៈអ្នកសារព័ត៌មានចំនួន ៧៩,៨% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗសម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

ទន្ទឹមនេះដែរ ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិសរុបមនុស្សចំនួន ៩៩,៧% បានផ្តល់សារៈសំខាន់ក្នុងការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានខណៈមនុស្សចំនួន ៩២,១% គាំទ្រឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់ចំពោះអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ ហើយ៩៩,៤% បានគាំទ្រការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានដើម្បីពង្រឹងគុណភាពវិជ្ជាជីវៈ៕