(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានបញ្ជាក់ថា ប្រជាជនកម្ពុជារងទុក្ខ និងឈឺចាប់ចំនួន២ដង ពីសហរដ្ឋអាមេរិកករណីទំលាក់គ្រាប់បែកនៅកម្ពុជា។
លោកអគ្គនាយកបញ្ជាក់ក្នុង Facebook ផ្លូវការរបស់លោកថា ភាពឈឺចាប់លើកទី១ គឺដោយសារអាមេរិក ទំលាក់គ្រាប់បែកជិត៣លានតោន គ្រាប់បែកចង្កោមជិត៣០លានគ្រាប់ គ្រាប់បែកគីមី CS ជាដើម។ល។ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរអស់រាប់សែននាក់ (ជាង៥០០,០០០នាក់់) សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែង។
លោកបញ្ជាក់ទៀតថា ចំពោះការឈឺចាប់លើកទី២ គឺនៅពេលដែលអាមេរិកដឹងខ្លួន នឹងទទួលស្គាល់ការពិត ក្នុងសង្គ្រាមនៅឥណ្ឌូចិន និងសោកវិនាសកម្មបង្កឡើង និងបន្តបន្សល់ទុកកាកសំណល់ ពីសង្គ្រាមនោះ ខាងប្រទេសវៀតណាម និងឡាវ បានទទួលជំនួយកើនឡើងរហូត ដល់ជិត១០០លានក្នុងរយៈពេល៣ឆ្នាំ ដើម្បីជាការដោះស្រាយបញ្ហាធានា សុខសុវតិ្ថភាពដល់ប្រជាជនរបស់ខ្លួន តែកម្ពុជាទទួលបានតិចតួចប៉ុណ្ណោះ។
លោក ហេង រតនា លោកឡើងថា «តើមានមូលហេតុអ្វី ដែលអាមេរិករំលោភសិទិ្ធ ប្រជាជនកម្ពុជាម្តងជា២ម្តងបែបនេះ? កាកសំណល់សង្គ្រាម របស់អាមេរិកទាំងនេះ បន្តសម្លាប់និងធ្វើឱ្យរបួសប្រជាជន ស្លូតត្រង់កម្ពុជាយ៉ាងអយុតិ្តធម៌បំផុត! មិនត្រឹមតែប៉ុណ្ណោះ កំពុងធ្វើឱ្យកូនខែ្មរជំពាក់ជាន់ក ដោយសារសង្គ្រាមអាមេរិក-វៀតណាម ឡើងចំនួនជិត៤០០លានដុល្លាទៅហើយ! គេយកដំបងដ៏ធំមកវាយសំពងសំលាប់យើង តែមិនស្លាប់ គេបែរជាមកទារសងថ្លៃដំបង មិនគិតប្រឹងជួយព្យបាលរបួសធ្ងន់ធ្ងរនោះទេ! តើយុតិ្តធម៌និងការគោរពសិទិ្ធមនុស្សនៅឯណា សំរាប់ប្រជាជនកម្ពុជា ដែលរងទុក្ខសោកនោះ?»។
លោកអគ្គនាយក CMAC បានបញ្ជាក់ឲ្យដឹងទៀតថា «យើងបានធ្វើការស្រាវជ្រាវ យ៉ាងច្រើនពីមូលហេតុអាមេរិក ប្រព្រឹតិ្តមកលើកម្ពុជាលើករណីនេះ មានការអះអាងយ៉ាងច្រើន ហើយមានមូលហេតុមួយនោះ គឺថា កាលមកទំលាក់គ្រាប់បែកអាមេរិកថា ក្រុមខែ្មរមួយជំពូកនោះ ស្នើសុំឱយអាមេរិកជួយទំលាក់ ហើយនៅពេលអាមេរិក ពិបាកផ្តល់ជំនួយមកកម្ពុជា ដោយសារពួកខែ្មរជំពូកដដែលហ្នឹងសុំឱ្យអាមេរិកផ្តាច់ជំនួយ!។ រីឯឡាវនិងវៀតណាម រស់នៅអាមេរិកពួកគេរួមគ្នា ទាមទារនិងរុកគួនឲ្យព្រឹទិ្ធសភាអាមេរិក ជួយដល់រដ្ឋាភិបាល និងប្រជាជនគេ រីឯខែ្មរយើងខ្លះខិតខំទាមទារ និងរុកគួនព្រឹទិ្ធសភាអាមេរិក ឲ្យផ្តាច់ជំនួយទៅវិញ នេះបានហៅថា ....?»៕