Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថ ចុះបង្ក្រាបករណីគ្រឿងញៀន ចាប់ជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀន ២៥កញ្ចប់

10-09-2016 14:30

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន រាជធានីភ្នំពេញ វេលាម៉ោង១២៖០០ថ្ងៃត្រង់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីថ្នាំញៀន ដកហូតបានថ្នាំញៀន ២៥កញ្ចប់ ម៉ូតូ១គ្រឿង ព្រមទាំងដកហូតវត្ថុតាងមួយចំនួនទៀត។

ប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ស្ថិតនៅត្រង់ចំណុច ផ្ទះជួលផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ លោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំង គ្រឿងញៀនរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១-ឈ្មោះ ញ៉ឹក ពីណុង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ ប៉ន អ៊ួច អាយុ៣៤ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ នឹងជាមេក្លោង។ បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់រួម និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងឃាត់ខ្លួនរក្សាទុកនៅ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕