(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំថវិកា និងអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាល ជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន យកទៅប្រគល់ជូនមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលកោះតូច ស្រុកទឹកឈូ ដែលមានជម្ងឺ លើសឈាមស្លាប់មួយជំហៀងខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា លោកព្រិន្ទបាលឯក ជា ប្រុស អាយុ៤៧ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលកោះតូច ស្រុកទឹកឈូ មានជម្ងឺលើសឈាមស្លាប់មួយជំហៀងខ្លួន ដែលធ្វើឲ្យមានការលំបាកមួយកម្រិតទៀតសម្រាប់ជីវភាពប្រចាំថ្ងៃ។ ហេតុនេះហើយនៅថ្ងៃនេះ លោកបាននាំយកថវិកាចំនួន៤០ម៉ឺនរៀល របស់សម្តេចក្រឡាហោម ស ខេង និងអំណោយមួយ ចំនួនទៀតរបស់អគ្គស្នងការនគរបាលជាតិ យកទៅប្រគល់ជូនគាត់ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាកមួយចំនួន។
នៅក្នុងឱកាសនោះ ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ លោកស្នងការ បានលើកទឹកចិត្តដល់មន្រ្តីនគរបាលរបស់ខ្លួន ឲ្យខិតខំមើលថែរក្សាសុខភាព ដើម្បីជាសះស្បើយ អាងចូលបម្រើការងារវិញ៕