(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកស្រី ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ និងលោកស្រី ហ៉ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ តំណាងលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល និងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារយោធិន ព្រមទាំងពាំនាំថវិកាឧត្ថម្ភដល់គ្រួសារយោធិនរងគ្រោះ ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការ យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ បានឧបត្តម្ភចំពោះការពលីជីវិតរបស់យោធិននៃកងពលខេមរភូមិន្ទទាំង ២០នាក់ ដោយក្នុង ១គ្រួសាសព ថវិកា ១លានរៀល សរុបចំនួន ២០លានរៀល, ឧបត្ថម្ភដល់យោធិនដែលរងរបួសចំនួន ១២នាក់ ដោយក្នុង១នាក់ ចំនួន៥០ម៉ឺនរៀល , ផ្លែឈើ១កន្ត្រក់ ដោយសរុប ៦លានរៀល និងឧបត្ថម្ភជូនអង្គភាពស៊ីម៉ាក់ចំនួន ១លានរៀល និងកងកម្លាំងយាមនៅទីតាំងកើតហេតុចំនួន ១លានរៀល។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ បានសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន នាយ ទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាព សង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជា រហូតដល់ថ្ងៃអវសាននៃជីវិត។

គណៈប្រតិភូកំពង់ផែស្វយ័តភ្នំពេញ សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង ២០នាក់ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់ បានជាសះស្បើយ៕